(ប៉េកាំង)៖ ចិន នៅថ្ងៃអាទិត្យនេះបាននិយាយថាខ្លួនបើកចំហ ចំពោះកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការពារជាតិចិន លោក វៃ ហ្វឹងហឺ (Wei Fenghe) ជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) នាឱកាសដែលប្រមុខការពារជាតិទាំង២ ចូលរួមក្នុងវេទិកាសន្តិសុខថ្នាក់តំបន់មួយរៀបចំឡើងនៅក្នុងប្រទេសកម្ពុជា នៅសប្ដាហ៍ក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។

កន្លងមក លោក វៃ ហ្វឹងហឺ និងលោក ឡយដ៍ អូស្ទីន ក៏ធ្លាប់បានទទួលស្គាល់ដែរថាអ្នកទាំង២ នឹងចូលរួមក្នុងវេទិកាសន្តិសុខថ្នាក់តំបន់ ជាមួយបណ្ដាប្រទេសអាស៊ាន ក៏ដូចជា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានផ្លឹស ឬ ADMM-Plus។ នៅថ្ងៃអាទិត្យនេះ ក្រសួងការពារជាតិចិន បានចេញផ្សាយសេចក្ដីថ្លែងការណ៍មួយ ឆ្លើយតបទៅនឹងសំណួរដែលសួរ ថាតើប្រមុខការពារជាតិចិន និងអាមេរិក អាចនឹងជួបគ្នាដែរ ឬទេ នាឱកាសចូលរួមវេទិកាសន្តិសុខរៀបចំឡើងនៅកម្ពុជា ជាមួយការបញ្ជាក់ថាចិនបើកចំហជាចំពោះ ការផ្លាស់ប្ដូរយោបល់ជាមួយសហរដ្ឋអាមេរិក។ ក្រសួងបន្ថែមថាភាគីទាំង២ កំពុងសម្របសម្រួលក្នុងការរៀបចំជំនួបរវាងប្រមុខការពារជាតិនៃប្រទេសទាំង២ នៅឯវេទិកា ADMM-Plus ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃពុធសប្ដាហ៍ក្រោយ។

គួរបញ្ជាក់ថា ប្រសិនបើជំនួបខាងលើ ពិតជាកើតឡើងមែន នោះវានឹងក្លាយជាជំនួបយោធាកម្រិតខ្ពស់បំផុតជាលើកដំបូងរវាងចិន និងសហរដ្ឋអាមេរិក ចាប់តាំងពីទីក្រុងប៉េកាំង បញ្ឈប់រាល់កិច្ចសន្ទនារវាងមេបញ្ជាការយោធានៃប្រទេសទាំង២ ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅកោះតៃវ៉ាន់ កាលពីខែសីហាកន្លងទៅ៕