(អង់ការ៉ា)៖ យន្ដហោះចម្បាំងតួកគី បានបើកការវាយប្រហារលើមូលដ្ឋានមួយចំនួន ស្ថិតនៅភាគខាងជើងប្រទេសស៊ីរី និងអ៉ីរ៉ាក់ ដែលក្រសួងការពារជាតិតួកគី អះអាងថាត្រូវបានប្រើប្រាស់ដោយក្រុមមនុស្សនៅពីក្រោយការបំផ្ទុះគ្រាប់បែក ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល កាលពីសប្ដាហ៍មុនដែលបានផ្ដាច់ជីវិតមនុស្ស៦នាក់ និង៨០នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងការពារជាតិតួកគី បានប្រកាសពីប្រតិបត្តិការយោធាខាងលើ ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយលើ Twitter នៅថ្ងៃអាទិត្យនេះ។ ទីក្រុងអង់ការ៉ាបានចោទ ថាការវាយប្រហារបំផ្ទុះគ្រាប់បែក កាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅ គឺជាស្នាដៃរបស់គណបក្សពលករឃើដ (PKK) និងក្រុមអ្នកយុទ្ធឃើដស៊ីរី បើទោះជាក្រុមទាំង២ នេះបដិសេធថាខ្លួនមិនមានជាប់ពាក់ក៏ដោយ។

តួកគី និងសហរដ្ឋអាមេរិក បានចាត់ទុកគណបក្សពលករឃើដ (PKK) ជា «អង្គការភេរវករ» ប៉ុន្តែមានការយល់ឃើញផ្ទុយគ្នាចំពោះក្រុមអ្នកប្រយុទ្ធឃើដស៊ីរី ដោយ តួកគីចាត់ទុកថាភេរវករ ប៉ុន្តែក្រុមអ្នកប្រយុទ្ធឃើដស៊ីរី ជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ក្នុងការជួយទីក្រុងវ៉ាស៊ីនតោនប្រយុទ្ធប្រឆាំងក្រុម ISIS នៅក្នុងប្រទេសស៊ីរី។ ដោយឡែក កាលពីថ្ងៃសុក្រកន្លងទៅ ក្រសួងការបរទេសអាមេរិកក៏បានបង្ហាញក្ដីព្រួយបារម្ភផងដែរចំពោះលទ្ធភាពនៃការសកម្មភាពរបស់តួកគី ជាមួយការណែនាំដល់ ពលរដ្ឋរបស់ខ្លួនកុំធ្វើដំណើរទៅកាន់តំបន់ភាគខាងជើងស៊ីរី និងអ៉ីរ៉ាក់។

គួរបញ្ជាក់ថា ក្រសួងការពារជាតិតួកគី មិនបានផ្ដល់ព័ត៌មានលម្អិតពីប្រតិបត្តិការយោធារបស់ខ្លួនដែលធ្វើឡើងកាលពីយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យនេះឡើយ ប៉ុន្តែ កងកម្លាំងប្រជាធិបតេយ្យស៊ីរី ដឹកនាំកងជីវពលឃើដក្នុងប្រទេសស៊ីរី បានអះអាងថាការវាយប្រហារតាមផ្លូវអាកាសរបស់តួកគី មានគោលដៅលើទីក្រុង កូបានេ (Kobane) ដែលជាទីក្រុងមួយនៅក្បែរព្រំដែនតួកគី និងដែលជនជាតិឃើដ រស់នៅច្រើន៕