(កៀវ)៖ ទីប្រឹក្សាដ៏សំខាន់ម្នាក់របស់ប្រធានាធិបតីអ៊ុយក្រែន គឺលោក មីខាយឡូ ប៉ូដុលយ៉ាក់ (Mykhaylo Podolyak) បាននិយាយថាការព្យាយាមរបស់បណ្ដា ប្រទេសលោកខាងលិចមួយចំនួន ក្នុងការបញ្ចុះបញ្ចូលឱ្យអ៊ុយក្រែនចរចាជាមួយរុស្ស៉ី បន្ទាប់ពីទីក្រុងកៀវ ទទួលបានជ័យជម្នះយោធាជាបន្តបន្ទាប់ គឺជារឿងចម្លែក និងហាក់មានន័យថាចង់ឱ្យអ៊ុយក្រែន សុំចុះចាញ់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក មីខាយឡូ ប៉ូដុលយ៉ាក់ ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន AFP ដែលត្រូវបានចេញផ្សាយនៅថ្ងៃអាទិត្យនេះ និងក្រោយមានការលើកឡើងជាច្រើនពីលទ្ធភាពនៃកិច្ចចរចា បន្ទាប់ពីអ៊ុយក្រែនដណ្ដើមបានទីក្រុងខឺសុន ពីកងទ័ពរុស្ស៉ីមកវិញ។ លោក ប៉ូដុលយ៉ាក់ បានគូសបញ្ជាក់ដូច្នេះថា «នៅពេលដែលអ្នកមានផែនការថ្មីមួយស្ដីពីសមរភូមិ វាហាក់ដូចជាចម្លែកបន្តិចដែលទទួលបានសំណើដូចនេះថា អ្នកនឹងមិនអាចសម្រេច បានអ្វីៗគ្រប់យ៉ាងតាមមធ្យោបាយយោធាឡើយ ដូច្នេះហើយអ្នកត្រូវតែធ្វើកិច្ចចរចា។ ពោលគឺ វាហាក់មានន័យថាប្រទេសដែលកំពុងដណ្ដើមបានទឹកដីរបស់ខ្លួន មកវិញ តែបែរត្រូវទទួលស្គាល់ថាជាប្រទេសបរាជ័យ ឬត្រូវចុះចាញ់ទៅវិញ»

គួរបញ្ជាក់ថា កាលពីពេលថ្មី ក្រុមមន្ត្រីអាមេរិក ក្នុងនោះរួមមានទាំងប្រមុខកងទ័ពអាមេរិក លោក Mark Milley ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថា បានចាប់ផ្ដើមជំរុញឱ្យអ៊ុយក្រែន ពិចារណាលើកិច្ចចរចាជាមួយរុស្ស៉ី។ បើតាមលោក Milley ឱកាសសម្រាប់កិច្ចចរចានៅតែមាន ហើយគេក៏គួរតែទទួលស្គាល់ដែរថា ជ័យជម្នះយោធា មានន័យពិតប្រាកដថាមិនមែនសម្រេចតាមមធ្យោបាយយោធានោះទេ។ ប៉ុន្តែ លោក ប៉ូដុលយ៉ាក់ បាននិយាយថាទីក្រុងមូស្គូមិនបានបញ្ជូនសំណើ ដោយផ្ទាល់មកកាន់អ៊ុយក្រែន ដើម្បីចរចាស្វែងរកសន្តិភាពឡើយ និងចូលចិត្តស្នើតាមរយៈភាគីទី៣ ខណៈលោក ហ្សេលេនស្គី អះអាងថាកិច្ចចរចាអាចនឹងធ្វើឡើង ទៅបាន ទាល់តែរុស្ស៉ីដកកងទ័ពរបស់ខ្លួនចេញពីទឹកដីអ៊ុយក្រែនជាមុនសិន៕