(កៀវ)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) បានសន្យាថាចក្រភពអង់គ្លេស នឹងបន្តគាំទ្រទីក្រុងកៀវ រហូតទាល់តែអ៊ុយក្រែន ទទួលបានជ័យជម្នះនៅក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានពីសំណាក់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។

ការសន្យារបស់លោក ស៊ូណាក់ ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកទៅកាន់ទីក្រុងកៀវ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ក្នុងនាមជា នាយករដ្ឋមន្ត្រីអង់គ្លេស។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី លោក ស៊ូណាក់ បានបញ្ជាក់ដូច្នេះថា «ខ្ញុំស្ថិតនៅទីនេះ នៅថ្ងៃនេះ ដើម្បីនិយាយថាចក្រភពអង់គ្លេសនឹងបន្តឈរនៅជាមួយអ្នក...រហូតទាល់តែអ៊ុយក្រែនបានទទួលសន្តិភាព និងសន្តិសុខដែល ខ្លួនត្រូវការ ហើយស័ក្តិសមនឹងទទួលបាន»

អមជាមួយពាក្យសន្យានៅចំពោះមុខលោក ហ្សេលេនស្គី លោក ស៊ូណាក់ ក៏បានប្រកាសផ្ដល់ជំនួយយោធាបន្ថែម ៦០លានដុល្លារដល់អ៊ុយក្រែនផងដែរ ហើយកញ្ចប់ជំនួយនេះក្នុងនោះរួមមានកាំភ្លើងប្រឆាំងយន្ដហោះចម្បាំង ១២០គ្រឿង រ៉ាដា និងបរិក្ខារប្រឆាំងយន្ដហោះដ្រូន៕