(កៀវ)៖ មន្រ្តីអ៊ុយក្រែន បាននិយាយថា ការវាយប្រហាររបស់រុស្ស៉ីត្រូវបានរាយការណ៍នៅទូទាំងតំបន់ធំៗ របស់អ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ ជាមួយនិងការបាញ់ផ្លោងយ៉ាងខ្លាំងក្លាក្នុងតំបន់ជាច្រើន ដែលបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនី ដល់រោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរ៉ិចហ្សៀ (Zaporizhzhia ) ផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រុមហ៊ុននុយក្លេអ៊ែរ អែននឺហ្គូអាតូម (Energoatom) របស់អ៊ុយក្រែន បានឲ្យដឹងថា ចរន្តអគ្គិសនីនៃរោងចក្រថាមពលនុយក្លេអ៊ែ Zaporizhzhia ដែលស្ថិតនៅភាគខាងត្បូងប្រទេស ត្រូវបានផ្តាច់ម្តងទៀតពីចេញពីបណ្តាញ បន្ទាប់ពីការបាញ់ផ្លោងរបស់រុស្ស៊ី បំផ្លាញខ្សែតង់ស្យុងខ្ពស់ដែលនៅសេសសល់។ រោងចក្រនៅក្នុងដៃរបស់រុស្ស៊ី ប៉ុន្តែដំណើរការដោយកម្មករអ៊ុយក្រែនមួយនេះ នៅសល់ថាមពលអគ្គិសនីដែលដំណើរការម៉ាស៊ីនភ្លើង សម្រាប់រយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ។

ក្រុមមន្រ្តីអ៊ុយក្រែន បាននិយាយថា «សត្រូវកំពុងព្យាយាមរក្សាទឹកដី ដែលត្រូវបានចាប់យកជាបណ្តោះអាសន្ន ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់សកម្មភាពវាយបក នៅក្នុងតំបន់មួយចំនួន»។ ការវាយប្រហាររបស់រុស្ស៊ី ក៏ត្រូវបានគេរាយការណ៍ផងដែរនៅក្នុងទីក្រុង គី្រវី រីហ៍ (Kriviy Rih) ចំកណ្តាលអ៊ុយក្រែន និងនៅទីក្រុង ស៊ូមី Sumy និងតំបន់ខាកៀវ (Kharkiv) នៅភាគឦសាន។ រីឯ ការប្រយុទ្ធគ្នាយ៉ាងខ្លាំង កំពុងបន្តនៅឯភាគខាងកើតនៃតំបន់ លូហាន់ (Luhansk) និងដូណេត (Donetsk)។

គួរបញ្ជាក់ថា ថ្មីៗនេះ ការវាយប្រហាររបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលកន្លងមកកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធា បានប្រែក្លាយទៅជាការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល របស់អ៊ុយក្រែន ដែលបង្ខំឲ្យជនស៉ីវិលរាប់ម៉ឺននាក់ រស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់៕