(ណៃពិដោ)៖ តុលារការនៃរបបយោធាមីយ៉ាន់ម៉ា ទើបតែបានផ្តន្ទាទោសអតីតសមាជិកសភាមួយរូប មកពីគណបក្សនយោបាយ របស់លោកស្រី អោងសាន ស៊ូជី ឱ្យជាប់ពន្ធនាគារចំនួន ១៤៨ឆ្នាំបន្ថែមទៀត ក្រោមបទល្មើសពាក់ព័ន្ធភេរវកម្ម។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។

យោងតាមប្រភពដែលបានបង្ហើបឱ្យដឹងនៅថ្ងៃពុធកន្លងទៅ ការផ្តន្ទាទោសខាងលើចំពោះលោក វីន ម្យីនឡាំង (Win Myint Hlaing) ដែលមានអាយុ៥២ឆ្នាំ ត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយវាគឺជាទោសជាប់ពន្ធនាគារ មានរយៈពេលវែង​បំផុត ដែលបានដាក់ទៅលើសមាជិកនៃរដ្ឋាភិបាល ក៏ដូចជាគណបក្សរបស់លោកស្រី អោងសាន ស៊ូជី ដែលត្រួវបានគេចាប់ខ្លួន ក្រោយការធ្វើរដ្ឋប្រហារយោធា ទម្លាក់រូបលោកស្រីចេញពីអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ លោកស្រី ស៊ូជី ផ្ទាល់វិញ ក៏ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារសរុប ២៦ឆ្នាំរួចមកហើយផងដែរ។

គួរបញ្ជាក់ថា លោក វីន ម្យីនឡាំង ធ្លាប់បានចូលរួមក្នុងចលនាបាតុកម្មប្រឆាំងរបបយោធា មុនពេលត្រូវគេចាប់ខ្លួននៅក្រុង យ៉ាកសាក (Yaksawk) ក្នុងរដ្ឋសាន (Shan) ភាគខាងកើតប្រទេសមីយ៉ាន់ម៉ា កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ កាលពីខែមីនា មេសា និងមិថុនា អតីតសមាជិកសភារូបនេះ ត្រូវបានតុលាការផ្តន្ទាទោស ឱ្យជាប់ពន្ធនាគារសរុប២៥ឆ្នាំ ពីបទញុះញង់ឱ្យមានការបះបោរ និងភេរវកម្ម។ ដូច្នេះហើយបូកជាមួយ ការផ្តន្ទាទោសថ្មីទៀតកាលពីថ្ងៃចន្ទ រយៈពេលជាប់ពន្ធនាគារសរុបរបស់លោក វីន ម្យីនឡាំង គឺកើនដល់១៧៣ឆ្នាំ៕