(តូក្យូ)៖ សារព័ត៌មាន Nikkei នាថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា ក្រសួងការពារជាតិជប៉ុន កំពុងពិចារណាលើការដាក់ពង្រាយ មីស៉ីលល្បឿនលឿនជាងសំឡេង ឱ្យបាននៅត្រឹមឆ្នាំ២០៣០ ដើម្បីពង្រឹងសមត្ថភាពការពារខ្លួន តាមរយៈការបង្កើនមធ្យោបាយនៃ​ការវាយប្រហារតបត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។

Nikkei បានអះអាងថា ទីក្រុងតូក្យូកំពុងព្យាយាមពង្រឹងសមត្ថភាពបែបនេះ ស្របពេលដែលការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន បានផ្លាស់ប្តូរស្ថានភាពសន្តិសុខសកល ហើយការបាញ់តេស្តមីស៉ីលច្រើនមិនធ្លាប់មាន ក្នុងឆ្នាំនេះដោយកូរ៉េខាងជើង បូករួមទាំងការកើនឡើងនៃ​សកម្មភាពយោធារបស់ចិន បាននិងកំពុងបង្កការគំរាមកំហែងជាខ្លាំងចំពោះជប៉ុន។

Nikkei បានបន្តក្នុងសេចក្តីរាយការណ៍របស់ខ្លួនថា រដ្ឋាភិបាលជប៉ុនគ្រោងកែសម្រួល យុទ្ធសាស្រ្តសន្តិសុខជាតិរបស់ខ្លួន ឡើងវិញ រួមជាមួយឯកសារការពារជាតិសំខាន់ៗដទៃទៀត នៅមុនដំណាច់ឆ្នាំ២០២២នេះ ហើយគោលជំហរស្តីពីសមត្ថភាពវាយបកតបត និងមីស៉ីលល្បឿនលឿនជាងសំឡេង អាចនឹងត្រូវលើកឡើងក្នុងឯកសារទាំងនោះ។

គួរបញ្ជាក់ថា បើតាមប្រភពដដែល គំនិតមួយគឺជប៉ុនអាចដាក់ពង្រាយមីស៉ីលរយៈចម្ងាយឆ្ងាយ ក្នុង៣ដំណាក់កាល។ ដំណាក់កាល ទី១ ទីក្រុងតូក្យូទិញមីស៉ីលគ្រូស ថូម៉ាហាក (Tomahawk) ពីសហរដ្ឋអាមេរិក។ ដំណាក់ទី២ ជប៉ុនអាចដំឡើងសមត្ថភាពមីស៉ីល Type 12 ដែលជាប្រភេទប្រឆាំងនាវា តាមរយៈការបង្កើនរយៈចម្ងាយធ្វើដំណើររបស់វា ពីក្រោម២០០គីឡូម៉ែត្រ នាពេលបច្ចុប្បន្ន ឱ្យដល់ជាង១,០០០គីឡូម៉ែត្រ។ ទីបំផុតដំណាក់កាលទី៣ គឺការចាប់ផ្តើមប្រើប្រាស់មីស៉ីលល្បឿនលឿនជាងសំឡេង តែម្តង៕