(ញូដេលី)៖ ប្រជាជនក្នុងទីក្រុងញូដេលី ចំនួន២០លាននាក់កំពុងរងផលប៉ះពាល់ពីខ្យល់អាកាស ដែលពោរពេញទៅដោយផ្សែងអ័ព្ទ ខណៈដែលសន្ទស្សន៍គុណភាពខ្យល់ បានឡើងដល់កម្រិតគ្រោះថ្នាក់ នៅទូទាំងរដ្ឋធានីរបស់ប្រទេសឥណ្ឌា ជាហេតុនាំឱ្យមានការអំពាវឲ្យបិទសាលារៀន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ទីភ្នាក់ងារកណ្តាលសម្រាប់ត្រួតពិនិត្យការបំពុលបរិយាកាស បានឲ្យដឹងថា សន្ទស្សន៍គុណភាពខ្យល់ បានកើនឡើងលើសចំនួន៤៥០ នៅកន្លែងជាច្រើនកាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់)។ រដ្ឋាភិបាលសហព័ន្ធ បាននិយាយថា សន្ទស្សន៍លើសពីចំនួន ៤០០ គឺអាចជះផលប៉ះពាល់ដល់មនុស្សដែលមានសុខភាពល្អបាន ហើយប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកដែលមានជំងឺស្រាប់។ ចំណែកនៅក្នុងទីក្រុងញូដេលី សន្ទស្សន៍បានកើនឡើងរហូតដល់ចំនួន៨០០ ឯណោះ។

លោក ស៊ូហែល សិត (Suhel Seth) ជាបុគ្គលមានមុខមាត់ម្នាក់ក្នុងសង្គមឥណ្ឌា បានសរសេរនៅលើបណ្តាញសង្គម Twitter របស់លោកយ៉ាងដូច្នេះថា «អ្វីដែលកំពុងកើតឡើងពីការបំពុលបរិយាកាសក្នុងទីក្រុងញូដេលី គឺប្រៀបបាននឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ»។ ចំណែក ឪពុកម្តាយ និងអាណាព្យាបាលសិស្ស បានអំពាវនាវឲ្យបិទសាលារៀន។

គួរបញ្ជាក់ថា រដ្ឋធានីរបស់ប្រទេសឥណ្ឌា ដែលរងការបំពុលខ្លាំងបំផុតនៅលើពិភពលោក តែងត្រូវបានគ្របដណ្តប់ដោយផ្សែងអ័ព្ទជារៀងរាល់ថ្ងៃ ឱ្យតែដល់រដូវរងា ដោយសារតែអាកាសធាតុត្រជាក់ ខ្យល់ខ្លាំង ធូលីសំណង់ ការបំភាយឧស្ម័ននៃយានជំនិះ និងផ្សែងពីការដុតកម្ទេចកម្ទីកំណកដំណាំ ជាដើម៕