(វ៉ាស៊ីនតោន)៖ លទ្ធផលមិនល្អរបស់រុស្ស៉ីនៅអ៊ុយក្រែន បាន និងកំពុងបង្កើនក្ដីសង្ឃឹមដល់អ្នកដែលកំពុងព្យាយាមស្វែងរកការកំញើញចិន កុំឱ្យប្រើកម្លាំងយោធាវាយប្រហារលើ តៃវ៉ាន់។ ប៉ុន្តែ វាក៏មានហេតុផលខ្លះត្រូវពិចារណាដែរថាការការពារតៃវ៉ាន់ អាចនឹងមានភាពលំបាកជាងការការពារអ៊ុយក្រែន។ សម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត លោកខាងលិច សុទ្ធតែទន្ទឹងចង់ឱ្យអ៊ុយក្រែនទទួលបានជ័យជម្នះ តែក្នុងពេលជាមួយគ្នា ជ័យជម្នះនេះអាចជាគ្រោះថ្នាក់ដែលនឹងកាត់បន្ថយភាពបន្ទាន់នៃកិច្ចខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាពតៃវ៉ាន់។

ចិនកំពុងអភិវឌ្ឍ និងវិនិយោគយ៉ាងខ្លាំងលើវិស័យយោធារបស់ខ្លួន ហើយបាន និងកំពុងព្យាយាមរៀនសូត្រពីកំហុសដែលរុស្ស៉ីបានធ្វើនៅអ៊ុយក្រែន។ ដូច្នេះថាតើអាមេរិក និងប្រទេសដទៃដែលគាំទ្រតៃវ៉ាន់កំពុងធ្វើដូចគ្នានេះដែរឬក៏យ៉ាងណា? ជាការពិតណាស់ វាមិនមែនជារឿងងាយស្រួលនោះទេសម្រាប់ចិន ក្នុងការសម្រេចចិត្តវាយប្រហារលើ តៃវ៉ាន់ ដោយចិនមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើសង្រ្គាមឆ្លងសមុទ្រចូលទៅកាន់ដីគោករបស់តៃវ៉ាន់ ហើយកងទ័ពរំដោះប្រជាជនចិនក៏មិនមានបទពិសោធន៍ ឬធ្លាប់ ចូលរួមក្នុងប្រតិបត្តិការសង្រ្គាមទ្រង់ទ្រាយធំនោះដែរ។

សង្រ្គាមនៅអ៊ុយក្រែន បានផ្ដល់មេរៀនជាច្រើន រាប់ចាប់ពីយុទ្ធសាស្ត្រ ការប្រើប្រាស់ព័ត៌មាន ភស្តុភារ និងតាក់ទិកក្នុងការប្រយុទ្ធ។ តែវាមិនមែនមានន័យថាមេរៀនទាំងអស់នេះ សុទ្ធតែអាចជួយចិន ក្នុងការត្រៀមលក្ខណៈធ្វើសង្រ្គាមនៅតៃវ៉ាន់នោះទេ ហើយការពិតមួយដែលគេពិបាកនឹងប្រកែក នោះគឺទីតាំងភូមិសាស្ត្រដោយតៃវ៉ាន់ជាដែនកោះតូចមួយ គ្មានព្រំដែនគោកជាប់ជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ឡើយ។ បើតាមក្រុមអ្នកជំនាញ សហរដ្ឋអាមេរិកគួរតែដើរឱ្យហួសពីទិសដៅបច្ចុប្បន្នរបស់ខ្លួន ដើម្បីត្រៀមខ្លួនឱ្យ បានល្អក្នុងការការពារតៃវ៉ាន់។ យុទ្ធសាស្ត្រសន្តិសុខជាតិ និងយុទ្ធសាស្ត្រការពារជាតិរបស់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានគូសបញ្ជាក់ពីភាពចាំបាច់នូវការប្រជែង ជាមួយចិន។ សហរដ្ឋអាមេរិក អាចគំាទ្រអ៊ុយក្រែនដោយមិនបាច់ត្រៀមលក្ខណៈជាមុន តែមិនអាចធ្វើដូចគ្នានេះក្នុងករណីតៃវ៉ាន់បាននោះទេ។

ក្រុមអ្នកជំនាញភាគច្រើន បានទាញយកមេរៀនផ្សេងៗគ្នាពីសង្រ្គាមអ៊ុយក្រែន សម្រាប់សង្រ្គាមនៅតៃវ៉ាន់។ ដោយមានអ្នកខ្លះយល់ថាតៃវ៉ាន់អាចនឹងមិនសូវទទួលបានការគាំទ្រ ច្រើនពីសហរដ្ឋអាមេរិក និងអឺរ៉ុបច្រើនដូចអ៊ុយក្រែននោះទេ។ រីឯអ្នកខ្លះទៀតនិយាយថាអំណាចសេដ្ឋកិច្ច និងតួនាទីដ៏សំខាន់របស់ចិននៅក្នុងសេដ្ឋកិច្ចអន្តរជាតិ វានឹងបង្កការ លំបាកយ៉ាងខ្លាំងក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងប៉េកាំង ខណៈសង្រ្គាមនៅតៃវ៉ាន់ដែលជាកន្លែងនាំមុខគេក្នុងការផលិតបន្ទះឈីប អាចនឹងបង្កផលប៉ះពាល់ដល់ សេដ្ឋកិច្ចអាមេរិក និងសេដ្ឋកិច្ចសកលលោក។ កតា្តការទូត និងសេដ្ឋកិច្ចត្រូវបានគេមើលឃើញជាអាចជាមធ្យោបាយមួយការការពារតៃវ៉ាន់ តែរឹតតែសំខាន់ យោធាគឺមិនអាចខ្វះ បានឡើយ។

ការគាំទ្រ និងការពារតៃវ៉ាន់ តម្រូវឱ្យមានការវិនិយោគដ៏សម្បើមមួយ មុននឹងសង្រ្គាមផ្ទុះឡើង។ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធាដ៏ច្រើនសន្ធឹកសន្ធាប់ចន្លោះពី ១៧ពាន់លានដុល្លារ ដល់ ២៥ពាន់លានដុល្លារហើយដល់អ៊ុយក្រែន ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ ពោលគឺជំនួយយោធាទាំងនេះមានច្រើនជាង ជំនួយដែលអាមេរិកផ្ដល់ឱ្យតៃវ៉ាន់។ ជាឧទាហរណ៍ រដ្ឋបាលលោក ចូ បៃដិន បានស្នើលក់អាវុធក្នុងទំហំទឹកប្រាក់ ១.១ពាន់លានដុល្លារឱ្យតៃវ៉ាន់ ហើយនៅក្នុងចក្ខុវិស័យនៃច្បាប់ National Defense Authorization Act ឆ្នាំ២០២៣នៃព្រឹទ្ធសភាអាមេរិក បានលើកឡើងពីជំនួយយោធា ១០ពាន់លានដុល្លារសម្រាប់តៃវ៉ាន់ ក្នុងរយៈពេល ៥ឆ្នាំ។ ឬនេះអាច និយាយបានថាជំនួយសង្រ្គាមដែលអាមេរិកផ្ដល់អ៊ុយក្រែន គឺមានចំនួនច្រើនជាងការលក់អាវុធឱ្យតៃវ៉ាន់។ ប៉ុន្តែ ខណៈសង្រ្គាមមិនទាន់ផ្ទុះឡើង សហរដ្ឋអាមេរិកគួរតែជួយពង្រឹង សមត្ថភាពយោធាតៃវ៉ាន់ តាមរយៈការបង្កើនជំនួយយោធា។

បញ្ហាធំនៅត្រង់នេះ គឺនៅត្រង់ថាចិនអាចនឹងធ្វើអន្តរាគមន៍គ្រប់ពេលវេលា ដែលនេះនឹងធ្វើឱ្យក្រុមអ្នកបង្កើតគោលនយោបាយអាមេរិក ពិបាកក្នុងការប៉ាន់ស្មានថាសង្រ្គាមនឹងផ្ទុះ ឡើងនៅពេលណាឱ្យប្រាកដ។ ជំនួយមួយភាគធំរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ត្រូវបានបញ្ជូនឱ្យអ៊ុយក្រែន ក្រោយកងទ័ពរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន ហើយជំនួយទាំងនេះត្រូវបានបញ្ជូនកាត់តាមបណ្ដាប្រទេសអឺរ៉ុប ដែលនៅជាប់អ៊ុយក្រែន ក្នុងពេលសង្រ្គាមផ្ទុះឡើង។ តែដោយសារតែ តៃវ៉ាន់ជាដែនកោះ នោះការបញ្ជូនអាវុធ ឬជំនួយ ក្នុងពេលជម្លោះផ្ទុះឡើង វានឹងមិនមានភាពងាយស្រួលដូចអ៊ុយក្រែននោះទេ ដោយចិនអាចនឹងធ្វើអន្តរាគមន៍រារាំងតាមរយៈការបិទខ្ទប់ដែន សមុទ្រ និងដែនអាកាស តៃវ៉ាន់។

យោធាអាមេរិកបានអះអាងថាពួកគេមានសមត្ថភាពបំបែកការបិទខ្ទប់តៃវ៉ាន់ ពីសំណាក់ចិន តែការផ្គត់ផ្គង់ជំនួយឡើងវិញតាមសមុទ្រ និងអាកាសឱ្យតៃវ៉ាន់ក្នុងពេលជម្លោះគឺជា បញ្ហាប្រឈមដ៏ធំមួយ។ ដូច្នេះជាមធ្យោបាយល្អ សហរដ្ឋអាមេរិកគួរតែស្ដុកទុកជំនួយនៅតៃវ៉ាន់ នៅមុនពេលសង្រ្គាមផ្ទុះឡើង ហើយសព្វថ្ងៃជាពេលដែលត្រូវលក់អាវុធ អភិវឌ្ឍ និងដាក់ពង្រាយកងកម្លាំង ក៏ដូចជារៀបចំផែនការជាមួយតៃវ៉ាន់ និងប្រទេសជាដៃគូ។

យ៉ាងណាក៏ដោយ ដើម្បីឱ្យសហរដ្ឋអាមេរិកជួយបាន តៃវ៉ាន់ខ្លួនឯងក៏ត្រូវចេះជួយខ្លួនឯងសិនដែរ។ ពោលគឺធ្វើដូចអ៊ុយក្រែនដែលមានឆន្ទៈតស៊ូប្រយុទ្ធជាមួយរុស្ស៉ី។ ឆន្ទៈប្រយុទ្ធ គឺជារឿងដ៏សំខាន់ ព្រោះយ៉ាងហោចណាស់ តៃវ៉ាន់ត្រូវតែមានសមត្ថភាពទប់ទល់ និងពន្យារពេល មុននឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចូលជួយ។ យោធាតៃវ៉ាន់មានកញ្ចប់ ថវិកាយោធាច្រើនជាងអ៊ុយក្រែនដល់ទៅ ២ដង តែអ្វីដែលតៃវ៉ាន់ខ្វះ នោះគឺបទពិសោធន៍ក្នុងសមរភូមិសង្រ្គាមជាក់ស្ដែង ផ្ទុយពីអ៊ុយក្រែនដែលបានធ្វើសង្រ្គាមជាមួយរុស្ស៉ី តាំងតែពីឆ្នាំ២០១៤មកម្ល៉េះ ហើយនេះបានជួយឱ្យអ៊ុយក្រែនអាចអភិវឌ្ឍសមត្ថភាពយោធារបស់ខ្លួន។

មួយវិញទៀត ចិនអាចនឹងមានជម្រើសច្រើននៅក្នុងការធ្វើសកម្មភាព។ ចិនអាចនឹងបើកការវាយប្រហារទម្លាក់គ្រាប់បែកចេញពីដីគោក អាកាស និងដែនទឹកលើកោះតៃវ៉ាន់ ហើយក៏អាចធ្វើយុទ្ធនាការសម្លុតគំរាមខាងការទូត សេដ្ឋកិច្ច និងការបិទខ្ទប់ អមជាមួយការវាយប្រហារដោយកំណត់ចំនួនមីស៊ីលផងដែរ។ វាគ្មានភាពច្បាស់លាស់នោះទេ ថាតើ មេរៀនយោធាណាមួយដែលចិនអាចនឹងរៀនសូត្រ ដើម្បីយកមកអនុវត្តលើតៃវ៉ាន់។ រុស្ស៉ីបានបរាជ័យក្នុងការរក្សាឧត្តមភាពកងទ័ពអាកាសរបស់ខ្លួននៅអ៊ុយក្រែន តែយន្ដហោះ ចម្បាំងរុស្ស៉ី គឺខុសគ្នាពីយន្ដហោះចម្បាំងដែលចិនកំពុងប្រើ។ កាន់តែសំខាន់ទៅទៀតនោះ យោធារុស្ស៉ីត្រូវបានគេមើលឃើញថាមានការស្ទាក់ស្ទើរក្នុងការចែករំលែកអំណាច ដែលនេះបានធ្វើឱ្យមេទ័ពរបស់ខ្លួនស្ថិតនៅក្នុងគ្រោះថ្នាក់ រីឯចិនវិញត្រូវគេជឿជាក់អាចនឹងចែករំលែកអំណាចមួយចំនួនដល់មន្ត្រីថ្នាក់ក្រោមរបស់ខ្លួន។ ចិនកំពុងប្រឹងប្រែង ក្នុងការអភិវឌ្ឍសមត្ថភាពយោធា ហើយតៃវ៉ាន់ក៏កំពុងរៀនសូត្រពីមេរៀនសង្រ្គាមអ៊ុយក្រែនដែរ តែវាក៏មិនប្រាកដថាតើនរណាដែលអាចទាញយកមេរៀនត្រឹមត្រូវយក មកអភិវឌ្ឍខ្លួនឯងនោះទេ។

គួរបញ្ជាក់ថា ក្រុមអ្នកជំនាញភាគច្រើន ជឿថាបន្ថែមពីការលើកផ្ដល់ជំនួយឱ្យតៃវ៉ាន់ សហរដ្ឋអាមេរិក ក៏អាចនឹងធ្វើអន្តរាគមន៍យោធាជួយតៃវ៉ាន់ដែរក្នុងករណីមាន ការវាយប្រហារពីចិន។ តែប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តពិតជាសម្រេចចិត្តលូកដៃដោយផ្ទាល់នៅក្នុងជម្លោះនៅតៃវ៉ាន់ ចិនអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បី កុំឱ្យតៃវ៉ាន់របូតចេញពីដៃរបស់ខ្លួន។ ចិនមានគោលការណ៍មិនប្រើប្រាស់អាវុធនុយក្លេអ៊ែរមុនឡើយ ប៉ុន្តែលទ្ធផលមិនល្អរបស់រុស្ស៉ីនៅអ៊ុយក្រែន អាចនឹងធ្វើឱ្យចិនកែប្រែចិត្ត គ្រប់ពេល ដោយគិតដល់ចំណុចនេះ គ្មាននរណាម្នាក់អាចដឹងថាតើអ្វីទៅនឹងជំរុញឱ្យចិនប្រើអាវុធនុយក្លេអ៊ែរ ឬក៏ថាតើអ្វីទៅជាជម្រើសប្រើនុយក្លេអ៊ែរបស់ចិន នោះឡើយ៕