(វ៉ាស៉ីនតោន)៖ ខ្មាន់កាំភ្លើងម្នាក់ដែលបានធ្វើសកម្មភាពបាញ់ប្រហារ នៅឯវិទ្យាល័យមួយកន្លែងក្នុងរដ្ឋផ្លូរីដា នៃសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៨ ហើយផ្តាច់ជីវិតមនុស្ស១៧នាក់ និងបង្កឱ្យរបួស១៧នាក់ផ្សេងទៀតនោះ ទីបំផុតត្រូវបានផ្តន្ទាទោសផ្លូវការហើយ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ការប្រកាសផ្តន្ទាទោសខាងលើត្រូវបានធ្វើឡើង កាលពីថ្ងៃពុធសប្តាហ៍នេះ ដោយចៅក្រមអាមេរិកលោកស្រី អេលីហ្សាបេត សេរើ (Elizabeth Scherer) និងបន្ទាប់ពីគណៈវិនិច្ឆ័យមួយ មិនអាចយល់ព្រមគ្នាជាឯកច្ឆន្ទ កាលពីខែតុលាកន្លងទៅថា ខ្មាន់កាំភ្លើង ឈ្មោះ នីកូឡាស់ គ្រូស (Nikolas Cruz) ដែលកាលពីពេលធ្វើសកម្មភាពវាយប្រហារ មានអាយុ១៩ឆ្នាំ​ ហើយឥឡូវមានអាយុ២៤ឆ្នាំ​ សមនឹងត្រូវផ្តន្ទាទោសប្រហារជីវិត។

គួរបញ្ជាក់ថា សាច់ញាតិជាច្រើនរបស់ជនរងគ្រោះ បានរិះគន់ធ្ងន់ៗចំពោះការសម្រេចចិត្ត របស់គណៈវិនិច្ឆ័យ ក៏ដូចជាចំពោះ​ច្បាប់របស់រដ្ឋផ្លូរីដាផ្ទាល់ ដែលតម្រូវឱ្យមានសំឡេងជាឯកច្ឆន្ទ ទើបអាចផ្តន្ទាទោសប្រហារជីវិតជនល្មើសបាន។ កំលុងករណី​បាញ់ប្រហារនៅវិទ្យាល័យ ម៉ាចូរី ស្តូនមែន ឌូគឡាស់ (Marjory Stoneman Douglas) កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ យុវជន នីកូឡាស់ គ្រូស បានបាញ់ជាង១៤០គ្រាប់ ចេញពីកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ របស់ខ្លួនប្រភេទ ​AR-15៕