(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីកាលពីថ្ងៃពុធសប្តាហ៍នេះ បានប្រកាសថា ទីក្រុងមូស្គូបានសម្រេចចិត្តចូលរួមឡើងវិញហើយ ក្នុងកិច្ចព្រមព្រៀងដែលសម្រេចបាន ក្រោមការសម្របសម្រួលរបស់តួកគី និងអង្គការសហប្រជាជាតិ (UN) ស្តីពីការនាំចេញ គ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន តាមសមុទ្រខ្មៅ។ នេះបើតាមការចេញផ្សាយដោយ​​ ទីភ្នាក់ងារព័ត៌មាន RT នៅថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរបស់ខ្លួន រុស្ស៉ីបាននិយាយថា ការសម្រេចចូលរួមកិច្ចព្រមព្រៀងឡើងវិញនេះ គឺបន្ទាប់ពី​ទទួលបាន ការធានាជាលាយលក្ខណ៍អក្សរពីសំណាក់ទីក្រុងកៀវ ដែលសន្យាថា អ៊ុយក្រែននឹងមិនប្រើប្រាស់ច្រករបៀងសុវត្ថិភាព ដែលផ្តល់ឱ្យដោយភាគីរុស្ស៉ី សម្រាប់គោលបំណងយោធាឡើយ។

សេចក្តីថ្លែងការណ៍ខាងលើ ក៏បានអរគុណដល់តួកគីនិង UN ផងដែរ សម្រាប់កិច្ចប្រឹងប្រែងធានាបាន នូវការសន្យាពីអ៊ុយក្រែនផងដែរ។ ការសម្រេចចិត្តផ្អាកការចូលរួមក្នុង កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ ដោយទីក្រុងមូស្គូ ត្រូវបានប្រកាសកាលពីសប្តាហ៍មុន បន្ទាប់ពីយោធារុស្ស៉ីបានចោទថា អ៊ុយក្រែនបានប្រើប្រាស់ច្រករបៀងសុវត្ថិភាព ដើម្បីបើកការវាយប្រហារដោយដ្រូនទៅលើ ទីក្រុងកំពង់ផែសេវ៉ាស្តូប៉ូល (Sevastopol) នៃតំបន់គ្រីមៀ។

គួរបញ្ជាក់ថា កាលពីខែកក្កដាកន្លងទៅ តួកគីនិង ​UN បានជួយសម្រេចបាន កិច្ចព្រមព្រៀងរវាងទីក្រុងមូស្គូនិងទីក្រុងកៀវ ដើម្បីបើកការនាំចេញគ្រាប់ធញ្ញជាតិឡើងវិញ ពីកំពង់ផែរបស់អ៊ុយក្រែននៅសមុទ្រខ្មៅ ក្រោយសង្រ្គាមផ្ទុះឡើង។ គិតមកទល់ពេលឥឡូវ ស្បៀងអាហារ​ប្រហែលជាង១០លានតោន ត្រូវបាននាំចេញពីនៅក្រោមកិច្ចព្រមព្រៀងនេះ៕