(ម៉ានីល)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា តួលេខនៃមនុស្សបាត់បង់ជីវិត ដោយសារតែព្យុះត្រូពិច ណាល់ហ្គែ (Nalgae) ដែលបានបង្កឱ្យមានទឹកជំនន់និងបំណាក់ដី នៅទូទាំងប្រទេសអាស៊ានមួយនេះ គឺបានបន្តកើនដល់១៥០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។

មនុស្សច្រើនជាង៣៥៥,៤០០នាក់ បានភៀសខ្លួនចេញពីលំនៅឋាន នៅពេលព្យុះត្រូពិចដ៏ខ្លាំងខាងលើ បានបោកបក់ឆ្លងកាត់​ប្រទេសហ្វីលីពីនកាលពីចុងសប្តាហ៍កន្លងទៅ។ ក្នុងចំណោមអ្នកស្លាប់ទាំង១៥០នាក់ គឺ៦៤នាក់ត្រូវបានកត់ត្រានៅក្នុងតំបន់បាំងសាម៉ូរ៉ូ (Bangsamoro) នៃកោះមិនដាណាវ (Mindanao) ភាគខាងត្បូងប្រទេស ជាទីដែលគ្រោះទឹកជំនន់និងគ្រោះរអិលបាក់ដី បានបំផ្លិចបំផ្លាញភូមិឋានជាច្រើនកន្លែង។ ក្រៅពីនេះមនុស្សយ៉ាងហោច១២៨នាក់ បានរងរបួស និង៣៦នាក់នៅបន្តបាត់ខ្លួន។

គួរបញ្ជាក់ថា កោះ Mindanao គឺកម្រនឹងរងការវាយប្រហារណាស់ ដោយព្យុះប្រហែល២០ ដែលតែងតែវាយប្រហារលើហ្វីលីពីន ជារៀងរាល់ឆ្នាំ ប៉ុន្តែព្យុះណាដែលវាយប្រហារចំតំបន់នេះហើយ គឺជារឿយៗបានបង្កការខូចខាត និងផ្តាច់ជីវិតមនុស្សច្រើនខ្លាំង បើធៀប​នឹងនៅកោះលូហ្សូន (Luzon) ភាគខាងជើង ឬក៏តំបន់ភាគកណ្តាលនៃប្រទេសហ្វីលីពីន។ នៅថ្ងៃព្រហស្បតិ៍នេះ ព្យុះ Nalgae បានទៅដល់ទីក្រុងជូហៃ (Zhuhai) នៃខេត្តក្វាងទុង (Guangdong) ប្រទេសចិន៕