(ប៉េកាំង)៖ តបតាមការអញ្ជើញរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឍិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន លោក Nguyen Phu Trong អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី ៣០ ខែតុលាដល់ថ្ងៃទី ២ ខែវិច្ឆិកា។

កាលពីថ្ងៃទី ៣១ ខែតុលា មេដឹកនាំទាំងពីររូបបានជួបពិភាក្សានៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ ដោយគ្រប់ជ្រុងជ្រោយរវាងចិននិងវៀតណាមក្នុងយុគសម័យថ្មី ឱ្យឡើងដល់កម្រិតថ្មីជាបន្តបន្ទាប់។
លោក Nguyen Phu Trong គឺជាមេដឹកនាំបរទេសដំបូងគេបង្អស់ដែលលោក Xi Jinping បានជួបសន្ទនាបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ហើយដំណើរទស្សនកិច្ចលើកនេះ ក៏ជាដំណើរទស្សនកិច្ចនៅបរទេសលើកដំបូង របស់លោក Nguyen Phu Trong បន្ទាប់ពីសមាជបក្សកុម្មុយនីស្តវៀតណាមលើកទី ១៣ ផងដែរ។

ខណៈពេលបុព្វហេតុសង្គមនិយមនៃប្រទេសទាំងពីរ ចិននិងវៀតណាមសុទ្ធតែបានឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដែលបូកសរុបសមិទ្ធផលកន្លងទៅ និងត្រួសត្រាយអនាគត មេដឹកនាំកំពូលនៃគណបក្សទាំងពីរ បានឯកភាពគ្នាថា ត្រូវពង្រឹងចំណងមិត្តភាពប្រពៃណី បង្កើនការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ បង្កើនការកសាងទំនុកចិត្តគ្នាផ្នែកនយោបាយ ក៏ដូចជាគ្រប់គ្រងនិងដោះស្រាយការខ្វែងគំនិត ដោយសមរម្យដែលបានចង្អុលបង្ហាញទិសដៅអភិវឌ្ឍន៍ នៃទំនាក់ទំនងរវាងចិននិងវៀតណាមក្នុងយុគសម័យថ្មី ដោយឈរលើមុំយុទ្ធសាស្ត្រ។

បច្ចុប្បន្ននេះ ពិភពលោកកំពុងស្ថិតក្នុងរយៈកាលរង្គោះរង្គើ និងមានការផ្លាស់ប្តូរថ្មី។ តើត្រូវអភិវឌ្ឍទំនាក់ទំនងរវាងចិននិងវៀតណាម ថែមមួយកម្រិតទៀតតាមរបៀបណា? លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឍិមបក្សកុម្មុយនីស្តចិន បានលើកឡើងសំណើ ៣ ចំណុច ពោលគឺ ភាគីទាំងពីរគួរតែប្រកាន់ខ្ជាប់នូវទិសដៅ ឆ្ពោះទៅមុខនៃសង្គមនិយម ពង្រឹងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចសង្គមនិយម ឱ្យកាន់តែរឹងមាំនិងផ្សព្វផ្សាយចំណងមិត្តភាពជាប្រពៃណី។

ជាការឆ្លើយតប លោក Nguyen Phu Trong អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានលើកឡើងថា លោកបានឯកភាពទាំងស្រុង ចំពោះសំណើសំខាន់ៗរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ស្តីពីការអភិវឌ្ឍទំនាក់ទំនងរវាងគណបក្សនិងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ចិននិងវៀតណាមសុទ្ធតែជាប្រទេសសង្គមនិយម ដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន ប្រទេសទាំងពីរមានប្រព័ន្ធនយោបាយដូចគ្នា ឧត្តមគតិនិងជំនឿចិត្តតភ្ជាប់គ្នានិងផ្លូវអភិវឌ្ឍន៍ស្រដៀងគ្នា។ ក្រោមសភាពការណ៍ថ្មីនេះ គណបក្សនៃប្រទេសទាំងពីរ ចិននិងវៀតណាមត្រូវបង្កើនការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នា នូវបទពិសោធខាងការគ្រប់គ្រងបក្សនិងអភិបាលកិច្ចជាតិ ត្រូវក្តាប់ជាប់សភាពការណ៍ទូទៅនិងទិសដៅអភិវឌ្ឍន៍ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយសង្គមនិយម ក៏នឹងមានភាពកាន់តែរស់រវើក ផងដែរ។

បើមើលពីវិស័យសេដ្ឋកិច្ចអាចឃើញថា ចិននិងវៀតណាមគឺជាដៃគូសហប្រតិបត្តិការខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់របស់គ្នាទៅវិញទៅមក។ ប្រទេសចិនបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម ក្នុងរយៈពេលច្រើនឆ្នាំជាប់ៗគ្នា ចំណែកឯវៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន ក្នុងចំណោមប្រទេសអាស៊ាន និងជាដៃគូពាណិជ្ជកម្មធំទី ៦ នៅទូទាំងពិភពលោក នៅឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគី បានឈានដល់ ២ រយ ៣០ ពាន់លានដុល្លារអាមេរិក។

ចិននិងវៀតណាមគឺជាប្រទេសជិតខាង ដែលមានទឹកដីតភ្ជាប់ជាមួយគ្នា ហើយបាននិងកំពុងរក្សាមិត្តភាពប្រពៃណីជាភាតរភាព។ ក្រោមសភាពការណ៍ថ្មីនេះ ការដែលចិននិងវៀតណាមបន្តវេននិងផ្សព្វផ្សាយចំណងមិត្តភាពប្រពៃណី នឹងបំពេញបន្ថែមកម្លាំងចលករដែលមិនចេះអស់ ក្នុងការអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពីរ។

សំដៅទៅរកអនាគត ចិននិងវៀតណាមនឹងប្រកាន់ខ្ជាប់នូវការណែនាំ ជាយុទ្ធសាស្រ្តរបស់មេដឹកនាំកំពូលនៃគណបក្សទាំងពីរ ក៏ដូចជាផ្តល់ខ្លឹមសារយុគសម័យថ្មីដល់ ចំណងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ ជាបន្តបន្ទាប់ ប្រការនេះពិតជានឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យឡើងដល់កម្រិតថ្មីជាក់ជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន