(ម៉ិកស៉ីកូ)៖ ក្រសួងការបរទសអាមេរិក នៅថ្ងៃពុធសប្តាហ៍នេះបានឲ្យដឹងថា កិច្ចព្រមព្រៀងទ្វេរភាគីស្តីពីថាមពលនុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៉ិក បានចូលជាធរមានហើយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆកា ឆ្នាំ២០២២។

នេះជាកិច្ចព្រមព្រៀងទ្វេភាគីលើកដំបូងសម្រាប់កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ ដោយសន្តិភាពរវាងប្រទេសទាំងពីរ។ វាត្រូវបានគេស្គាល់ថាជាកិច្ចព្រមព្រៀង ចំនួន១២៣ទំព័រ ដែលត្រួសត្រាយផ្លូវយ៉ាងល្អិតល្អន់ ដូចជាការផ្ទេរដោយសន្តិវិធីនូវសម្ភារៈនុយក្លេអ៊ែរ ឧបករណ៍ និងព័ត៌មានពីសហរដ្ឋអាមេរិកដោយ ប្រកាន់ខ្ជាប់នូវគោលការណ៍មិនរីកសាយភាយ។

តាមរយៈបណ្តាញ Twitter អ្នកនាំពាក្យក្រសួងការបទេសអាមេរិក លោក ណេត ប្រាយស៍ (Ned Price) បានគូសបញ្ជាក់ថា «កិច្ចព្រមព្រៀងនេះនឹងពង្រឹង បន្ថែមទៀត នូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក ក៏ដូចជាធ្វើឲ្យកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខថាមពលរបស់យើងកាន់តែស៊ីជម្រៅ»។ រីឯ រដ្ឋមន្ត្រីថាមពលម៉ិកស៉ិក លោកស្រី រ៉ូស៉ីអូ ណាហល (Rocio Nahle) បានឲ្យដឹងថា «បណ្តាញថាមពលរដ្ឋម៉ិកស៊ិកមានរោងចក្រនុយក្លេអ៊ែរមួយ ដំណើរការ ម៉ាស៊ីនរ៉េអាក់ទ័រចំនួនពីរ ជាមួយនឹងភាពស្អាត សុវត្ថិភាព ធន់ និងទទួលបានផលចំណេញ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងប្រទេសម៉ិកស៉ិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះ កាលពីឆ្នាំ២០១៨ ប៉ុន្តែសភារបស់ម៉ិកស៉ិក ទើបនឹងអនុម័តនៅក្នុងខែមីនា ឆ្នាំ២០២២នេះ៕