(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះ ការគំរាមកំហែងដោយបេក្ខជនមកពីគណបក្សសាធារណរដ្ឋ មួយចំនួន ក្នុងការបដិសេធមិនទទួលយកលទ្ធផលបោះឆ្នោត នៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខនេះ អាចនឹងកើតមានឡើង ប្រសិនបើពួកគេចាញ់ ហើយលោកក៏ បានបន្ទោសអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ចំពោះការសាបព្រោះវប្បធម៌បែបនេះដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងសុន្ទរកថាមួយ ប៉ុន្មានថ្ងៃមុននឹងសហរដ្ឋអាមេរិករៀបចំការបោះឆ្នោតពាក់កណ្ដាលអាណត្តិ ជាពេលដែលប្រជាជនអាមេរិក ត្រូវធ្វើការសម្រេចចិត្តថាតើ គណបក្សប្រជាធិបតេយ្យនៅតែអាចបន្តគ្រប់គ្រងសភាទាំង២ ឬក៏ដល់វេនគណបក្សសាធារណរដ្ឋត្រឡប់មកគ្រប់គ្រងវិញម្ដង លោក បៃដិន បានគូសបញ្ជាក់ ដូច្នេះថា «សូមកុំបង្កើតកំហុស, លទ្ធិប្រជាធិបតេយ្យគឺនៅលើសន្លឹកឆ្នោតរបស់យើងទាំងអស់គ្នា។ រឿងរាវដែលបានកើតឡើង វាជាភស្តុតាងដែលថា លទ្ធិប្រជាធិបតេយ្យអាមេរិកស្ថិតនៅក្រោមការគំរាមកំហែង រយៈពេលតិចជាង២ឆ្នាំ បន្ទាប់ពីការវាយប្រហារ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ លើវិមានកាពីតូលរបស់សហរដ្ឋអាមេរិក»

លោក បៃដិន បានបន្ថែមថា «ជនសង្ស័យបានចូលទៅក្នុងផ្ទះរួចសួរថា លោកស្រី ផេឡូស៉ី នៅឯណា? ទាំងនេះគឺជាពាក្យដូចគ្នាដែលមនុស្សមួយក្រុម បាននិយាយ នៅពេលដែលពួកគេសម្រុកចូលវិមានការពីតូល។ អ្នកបដិសេធលទ្ធផលបោះឆ្នោត ត្រូវបានបំផុសគំនិតដោយលោក ត្រាំ ដែលកំពុងគិតអំពីការ ឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ២០២៤»

គួរបញ្ជាក់ថា ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក នឹងត្រូវធ្វើឡើងនៅថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខនេះ ខណៈលោក បៃដិន កំពុងប្រឈមមុខ នឹងលទ្ធភាពដែលគណបក្សសាធារណរដ្ឋ អាចនឹងឈ្នះការគ្រប់គ្រងលើសភាតំណារាស្ត្រអាមេរិក ឬព្រឹទ្ធសភា ឬក៏អាចគ្រប់សភាទាំង២ឡើងវិញ ក៏ថាបាន៕