​(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានជំរុញឱ្យបណ្ដាប្រទេសទាំងអស់អនុវត្តការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង ជាមួយការសង្កត់ធ្ងន់ថាទីក្រុង ព្យុងយ៉ាង បានបំពានលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបានបាញ់តេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេត ប្រាយស៍ (Ned Price) បានលើកឡើងដូច្នេះថា «សហរដ្ឋអាមេរិកថ្កោលទោសចំពោះការបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីបរបស់កូរ៉េខាងជើង...ហើយ សកម្មភាពបែបនេះ បានបញ្ជាក់ពីភាពចាំបាច់ដែលតម្រូវឱ្យបណ្ដាប្រទេសទាំងអស់អនុវត្តយ៉ាងពេញលេញលើរាល់ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងកូរ៉េខាងជើង»។

គួរបញ្ជាក់ថា កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយមួយគ្រាប់ ដែលជាប្រភេទមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM និងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីចំនួន ២គ្រាប់ ធ្លាក់ចូលតំបន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន។ ប៉ុន្តែ ការធ្វើតេស្ដមីស៊ីល ICBM​ នេះ ត្រូវបាន កូរ៉េខាងត្បូងអះអាងថាបានបរាជ័យ ហើយការធ្វើតេស្ដទៀតសោត កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយកូរ៉េខាងជើងកាលពីថ្ងៃពុធសប្ដាហ៍នេះ បានបាញ់មីស៊ីលយ៉ាងហោច ២៣គ្រាប់ ក្នុងនោះមានមួយគ្រាប់ធ្លាក់នៅក្បែរតំបន់ព្រំដែនទឹក កូរ៉េខាងត្បូង ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៤៥មក៕