(វ៉ាស៊ីនតោន)៖ អារ៉ាប៊ីសាអូឌីត បានចែករំលែកព័ត៌មានសម្ងាត់ជាមួយក្រុមមន្ត្រីអាមេរិក ដោយអះអាងថាអ៉ីរ៉ង់អាចនឹងបើកការវាយប្រហារលើអារ៉ាប៊ីសាអូឌីត ក្នុងពេលឆាប់ៗ នេះ ក្នុងបរិបទដែលអ៉ីរ៉ង់កំពុងស្ថិតនៅក្នុងភាពចលាចលផ្ទៃក្នុងដោយសារបាតុកម្មតវ៉ា។ នេះបើតាមក្រុមមន្ត្រីអាមេរិក៣រូប ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ការបង្ហាញក្ដីព្រួយបារម្ភរបស់អារ៉ាប៊ីសាអូឌីត កើតមានឡើងនៅចំពេលដែលរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានថ្កោលទោសទីក្រុងតេហេរ៉ង់ សម្រាប់បង្រ្កាបយ៉ាង សាហាវលើក្រុមបាតុករអ៉ីរ៉ង់ និងការផ្គត់ផ្គង់យន្តហោះដ្រូនឱ្យរុស្ស៉ី យកទៅប្រើនៅក្នុងសង្រ្គាមអ៊ុយក្រែន។ ជុំវិញបញ្ហានេះដែរ ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភចំពោះរបាយការណ៍ស្ដីពីការគំរាមកំហែងពីអ៉ីរ៉ង់លើអារ៉ាប៊ីសាអូឌីត ហើយថាទីក្រុងវ៉ាស៊ីនតោននឹងមិនស្ទាក់ស្ទើរឡើយក្នុងការចាត់វិធានការ ឆ្លើយតប ក្នុងករណីចំាំបាច់។

ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះដូច្នេះថា «យើងមានការព្រួយបារម្ភចំពោះរូបភាពនៃការគំរាម កំហែង ហើយយើងកំពុងស្ថិតនៅក្នុងការរក្សាទំនាក់ទំនងយោធា និងចារកម្មជាមួយអារ៉ាប៊ីសាអូឌីត។ យើងនឹងមិនស្ទាក់ស្ទើរឡើយក្នុងការធ្វើសកម្មភាពដើម្បីការពារ ផលប្រយោជន៍ និងប្រទេសជាដៃគូរបស់យើង នៅក្នុងតំបន់»

គួរបញ្ជាក់ថា ព័ត៌មានពីគំរាមកំហែងរបស់អ៉ីរ៉ង់លើអារ៉ាប៊ីសាអូឌីតខាងលើ ត្រូវបានរាយការណ៍មុនគេដោយសារព័ត៌មានអាមេរិក Wall Street Journal។ ប៉ុន្តែ ខាងក្រសួងការបរទេសអ៉ីរ៉ង់ បានចេញមុខច្រានចោលសេចក្ដីរាយការណ៍នេះ ដោយបញ្ជាក់ថាជាព័ត៌មានគ្មានមូលដ្ឋាន និងមានចេតនាបំផ្លាញទំនាក់ទំនងរវាងអ៉ីរ៉ង់ និងបណ្ដា ប្រទេសជិតខាង៕