(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានចោទប្រកាន់ថាកូរ៉េខាងជើងបានលួចលាក់ផ្គត់ផ្គង់គ្រាប់កាំភ្លើងធំក្នុងចំនួនដ៏ច្រើន ឱ្យរុស្ស៉ីយកទៅប្រើប្រាស់នៅក្នុងសង្រ្គាមអ៊ុយក្រែន ខណៈទីក្រុងមូស្គូ កំពុងស្វះស្វែងរកជំនួយពីសម្ព័ន្ធមិត្តរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធសប្ដាហ៍នេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន ឃឺប៊ី (John Kirby) អាវុធដែលកូរ៉េខាងជើងផ្គត់ផ្គង់ឱ្យរុស្ស៉ី ទំនង ជានឹងមិនអាចកែប្រែស្ថានការណ៍សង្រ្គាមសព្វថ្ងៃបានឡើយ ដោយសង្កត់ធ្ងន់ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់លោកលោកខាងលិចក្នុងការគាំទ្រអ៊ុយក្រែន។ លោក ឃឺប៊ី បានគូសបញ្ជាក់បន្ថែមដូច្នេះថា «ភស្តុតាងរបស់យើងបានបង្ហាញថាកូរ៉េខាងជើង (DPRK) បានលួចលាក់ផ្គត់ផ្គង់ ហើយយើងកំពុងបន្តតាមដានដើម្បីដឹងឱ្យច្បាស់ថាតើរុស្ស៉ី ទទួលបានអាវុធទាំងនោះហើយ ឬនៅ»។ ប៉ុន្តែ អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់លម្អិតពីការដឹកជញ្ជូន ឬក៏ថាតើសហរដ្ឋអាមេរិកនឹងព្យាយាមរារាំងការដឹកអាវុធឱ្យរុស្ស៉ីដែរ ឬក៏យ៉ាងណានោះទេ។

គួរបញ្ជាក់ថា ការចោទប្រកាន់ខាងលើរបស់សហរដ្ឋអាមេរិក ធ្វើឡើងនៅចំពេលស្ថានការណ៍ នៅលើតំបន់ឧបទ្វីបកូរ៉េឡើងកម្ដៅកាន់តែខ្លាំង ដោយនៅថ្ងៃពុធសប្ដាហ៍នេះ កូរ៉េខាងជើង បានបាញ់តេស្ដមីស៊ីលដល់ទៅ ២៣គ្រាប់ ក្នុងនោះមានមួយគ្រាប់ធ្លាក់នៅក្បែរតំបន់ដែនទឹកកូរ៉េខាងត្បូង ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៤៥មក៕