(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយមួយគ្រាប់ និងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីចំនួន ២គ្រាប់ ធ្លាក់ចូលតំបន់ សមុទ្រខាងកើត ឬសមុទ្រជប៉ុន។ នេះបើតាមយោធាកូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។

យោធាកូរ៉េខាងត្បូង បានឱ្យដឹងថាខ្លួនចាប់បានសញ្ញានៃការធ្វើតេស្ដមីស៊ីលមួយគ្រាប់ ដែលទំនងជាប្រភេទមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដោយបាញ់ចេញពីតំបន់ ស៊ូអាន (Suan) នៃរដ្ឋធានីព្យុងយ៉ាង នៅម៉ោង ៧៖៤០នាទីព្រឹក (ម៉ោងក្នុងតំបន់) និងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី ២គ្រាប់ បាញ់ចេញពីតំបន់កេឆុង (Kaechon) នៃខេត្តព្យុងហ្កាន់ ខាងត្បូង (South Pyongan) នៅម៉ោង ៨៖៣៩នាទីព្រឹក។ ដោយឡែក ខាងយោធាជប៉ុន ក៏បានអះអាងដែរថាមានមីស៊ីលមួយគ្រាប់បានហោះនៅរយៈកម្ពស់ ២,០០០គីឡូម៉ែត្រ និងរយៈចម្ងាយ ៧៥០គីឡូម៉ែត្រ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្ដាហ៍នេះ កូរ៉េខាងជើងត្រូវបានគេរាយការណ៍ថាបានបាញ់មីស៊ីលយ៉ាងហោច ២៣គ្រាប់ ក្នុងនោះមានមួយគ្រាប់ធ្លាក់នៅក្បែរតំបន់ព្រំដែនទឹក កូរ៉េខាងត្បូង ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៤៥មក ជាការឆ្លើយឆ្លងឌឺដងគ្នាដោយការធ្វើតេស្ដមីស៊ីលទៅវិញទៅមកជាមួយកូរ៉េខាងត្បូង ដែលកំពុងដឹកនាំការធ្វើសមយុទ្ធ យោធារួមគ្នាជាមួយសហរដ្ឋអាមេរិក៕