(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានប្រកាសកាលពីថ្ងៃពុធថា លោកនឹងចូលរួមកិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុ របស់អង្គការសហប្រជាជាតិឡើងវិញ ដោយលុបចោលការសម្រេចចិត្តដំបូងដែលមិនទៅ ដោយសារ «ការប្តេជ្ញាចិត្តក្នុងស្រុកជាបន្ទាន់»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក Sunak បានសរសេរនៅលើ Twitter របស់លោកថា «មិនមានវិបុលភាពយូរអង្វែងទេ បើគ្មានសកម្មភាពលើការប្រែប្រួលអាកាសធាតុ។ វាគ្មានថាមពលទេ បើគ្មានការវិនិយោគលើថាមពលកកើតឡើងវិញទេ...នោះហើយជាមូលហេតុ ដែលខ្ញុំនឹងចូលរួមកិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុ របស់អង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយ ដើម្បីកសាងអនាគតប្រកបដោយសុវត្ថិភាព និងនិរន្តរភាព»

ការសម្រេចចិត្តដំបូងរបស់នាយករដ្ឋមន្ត្រីអង់គ្លេសថ្មីរូបនេះថា នឹងមិនចូលរួមក្នុងកិច្ចប្រជុំនៅរមណីយដ្ឋានសមុទ្រក្រហមនៃ Sharm el-Sheikh ប្រទេសអេហ្ស៊ីប ធ្វើឱ្យសកម្មជនបរិស្ថានមានការខឹងសម្បារយ៉ាងខ្លាំង។

គួរបញ្ជាក់ថា ក្រោយលោក Sunak បានសម្រេចចិត្តថា នឹងមិនទៅចូលរួមព្រឹត្តិការណ៍ខាងលើ បានធ្វើឲ្យលោករងសម្ពាធកាន់តែខ្លាំងឡើង បន្ទាប់ពីមានការលេចចេញថា គូប្រជែងរបស់គាត់គឺអតីតនាយករដ្ឋមន្ត្រី លោក Boris Johnson គ្រោងនឹងមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលនេះ។ កាលនោះលោកបាននិយាយថា បច្ចុប្បន្នលោករវល់ពេកក្នុងការចូលរួម COP27 ខណៈដែលលោកត្រូវដោះស្រាយ ជាមួយភាពចលាចលសេដ្ឋកិច្ចដែលកំពុងបន្តរបស់ចក្រភពអង់គ្លេស ប៉ុន្តែបានការពារជំហររបស់លោកចំពោះការប្រែប្រួលអាកាសធាតុ៕