(ហ្សាការតា)៖ ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសកាន់សាសនាឥស្លាមធំជាងគេបំផុតលើពិភពលោក កាលពីថ្ងៃពុធបានបើកវេទិកាសាសនាលើកដំបូងេបស់ក្រុមប្រទេស G20 នៅមុនកិច្ចប្រជុំកំពូល G20 នៅលើកោះបាលី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។

វេទិកានេះហៅថា R20 ត្រូវបានរៀបចំឡើង ដោយអង្គការ Nahdlatul Ulama ដែលជាអង្គការមូស្លីមធំជាងគេរបស់ប្រទេសឥណ្ឌូនេស៊ី និងសម្ព័ន្ធមូស្លីមពិភពលោក ហើយជាផ្នែកមួយនៃព្រឹត្តិការណ៍ជាច្រើន ដែលបានបើកដំណើរការក្រោមអធិបតីភាពរបស់ឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះនៃក្រុមប្រទេសមានសេដ្ឋកិច្ចធំជាងគេចំនួន២០ នៅលើពិភពលោក។

មេដឹកនាំសាសនា និងអ្នកប្រាជ្ញជាង ៣០០នាក់មកពីជុំវិញពិភពលោកបានចូលរួមក្នុងការបើកកិច្ចប្រជុំរយៈពេលពីរថ្ងៃ។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ដែលបានបើកវេទិកានេះ បានអំពាវនាវដល់អ្នកចូលរួម ឱ្យធ្វើការរួមគ្នា ដើម្បីជួយដោះស្រាយបញ្ហាប្រឈមជាសាកល និងបញ្ចប់សង្រ្គាម សម្រាប់មនុស្សជំនាន់ក្រោយ ដើម្បីទទួលមរតកពិភពលោកសន្តិភាព និងឯកភាព៕