(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា នៅក្នុងថ្ងៃពុធនេះ កូរ៉េខាងជើងបានបាញ់មីស៉ីលកើនដល់យ៉ាងហោច ២៣គ្រាប់ ក្នុងនោះមាន១គ្រាប់ បានធ្លាក់ទៅចំក្បែរដែនទឹករបស់កូរ៉េខាងត្បូង ជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​AFP នៅថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២។

យោងតាមការអះអាងរបស់យោធាកូរ៉េខាងត្បូង ទីក្រុងព្យុងយ៉ាងបានបាញ់មីស៉ីលផ្លោងរយៈចម្ងាយខ្លីសរុប៧គ្រាប់ រួមជាមួយ​មីស៉ីលប្រភេទផ្សេងៗចំនួន១៦គ្រាប់ទៀត ក្នុងនោះមានទាំងប្រភេទបាញ់ចេញពីដីទៅលើផ្ទៃអាកាស ចំនួន៦គ្រាប់។ ក្រៅពីនេះ កូរ៉េខាងជើងក៏បានបាញ់កាំភ្លើងធំប្រហែល ១០០គ្រាប់ ផងដែរ។ ដោយឡែក ឆ្លើយតបចំពោះការធ្វើបាញ់តេស្តមីស៉ីលរបស់​កូរ៉េខាងជើង ទីក្រុងសេអ៊ូលបានបាញ់តេស្តមីស៉ីលចំនួន ៣គ្រាប់ ចេញពីយន្តហោះចម្បាំងរបស់ខ្លួន។

គួរបញ្ជាក់ថា ការបាញ់សាកល្បងមីស៉ីលយ៉ាងចាស់ដៃ នាថ្ងៃពុធនេះរបស់ទីក្រុងព្យុងយ៉ាងកើតមានឡើង ស្របពេលដែល​កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក កំពុងបន្តធ្វើសមយុទ្ធយោធាជើងអាកាសទ្រង់ទ្រាយធំបំផុត ហៅថា Vigilant Storm ដែលមានការចូលរួមពីយន្តហោះសរុប ២៤០គ្រឿងមកពីភាគីទាំងពីរ៕