(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានជំរុញឲ្យមានការធ្វើទំនាក់ទំនងកាន់តែជិតស្និតជាមួយសម្ព័ន្ធមិត្តអារ៉ាប់ និងប្រទេសជាសមាជិកនៃសម្ព័ន្ធភាពនេះ ដោយការបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការរក្សាសន្តិសុខនិងដោះស្រាយជម្លោះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងទៅកាន់សមាជិកនៃសម្ព័ន្ធអារ៉ាប់ នៅមុនកិច្ចប្រជុំកំពូលលើកទី៣១ ក្នុងប្រទេសអាល់ហ្សេរី កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក ពូទីន បានគូសបញ្ជាក់ថា «រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តបង្កើនទំនាក់ទំនងយ៉ាងពេញលេញ ជាមួយសម្ព័ន្ធអារ៉ាប់ និងសមាជិកទាំងអស់របស់ខ្លួន ជាពិសេសក្នុងការពង្រឹងសន្តិសុខក្នុងតំបន់ និងពិភពលោក។ យើងជឿជាក់ថាបញ្ហាយោធា និងនយោបាយ ដែលតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើង កំពុងប្រឈមមុខ រួមទាំងវិបត្តិស៊ីរី-លីប៊ី និងជម្លោះយេម៉ែន-អ៊ីស្រាអែល-ប៉ាឡេស្ទីន គួរតែត្រូវបានដោះស្រាយដោយផ្អែកលើច្បាប់អន្តរជាតិ»។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលរបស់សម្ព័ន្ធអារ៉ាប់ ធ្វើឡើងដោយមានមន្ត្រីមកពីសមាជិកទាំងអស់ នៃស្ថាប័នទាំង២២ចូលរួម ក្រៅពីប្រទេសស៊ីរី ដែលត្រូវបានផ្អាកពីអង្គការចាប់តាំងពីសង្គ្រាមស៊ីវិលឆ្នាំ២០១១។ កិច្ចប្រជុំកំពូលដែលប្រទេសអាល់ហ្សេរី ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ រំពឹងថានឹងពិភាក្សាលើបញ្ហាជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន វិបត្តិដែលកំពុងកើតមាននៅក្នុងប្រទេសលីប៊ី យេម៉ែន និងស៊ីរី បញ្ហាសន្តិសុខស្បៀង និងថាមពលក្នុងតំបន់ ការធ្វើកំណែទម្រង់ ក៏ដូចជាជម្លោះនៅអ៊ុយក្រែន និងផលវិបាកនានា ផងដែរ៕