(សេអ៊ូល)៖ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក ហាន ឌុកស៊ូ (Han Duck-soo) នាថ្ងៃពុធនេះ បាននិយាយថា ខាងប៉ូលិសចាំបាច់ត្រូវតែ​ផ្តល់ការពន្យល់បកស្រាយឱ្យបានច្បាស់លាស់ អំពីរបៀបដែលពួកគេធ្វើការឆ្លើយតប បន្ទាប់ពីទទួលបានការហៅទូរស័ព្ទបន្ទាន់​ជាច្រើន នៅកំលុងពេលប៉ុន្មានម៉ោង មុនកើតមានហេតុការណ៍ មនុស្សសង្កត់ជាន់គ្នាស្លាប់ជាង ១៥០នាក់ នាឱកាសបុណ្យ Halloween នៅទីក្រុងសេអ៊ូល កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែតុលា ឆ្នាំ២០២២។

ក្នុងឱកាសនៃការបើកកិច្ចប្រជុំក្រុមការងារពិសេស ស្តីពីហេតុការណ៍សោកនាដកម្មខាងលើ លោក ហាន បានលើកឡើងដូច្នេះថា «ខាងប៉ូលិសត្រូវតែធ្វើអធិការកិច្ចឱ្យគ្រប់ជ្រុងជ្រោយ ហើយផ្តល់ការបកស្រាយដែលច្បាស់លាស់ និងមានតម្លាភាពមួយសម្រាប់​សាធារណជន»

ខ្លឹមសារនៃការហៅខ្សែទូរស័ព្ទបន្ទាន់ ដែលចេញផ្សាយដោយប៉ូលិសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបង្ហាញថា សញ្ញាព្រមានដំបូងគឺទទួលបានតាំងពីប្រហែល៤ម៉ោង មុនពេលមហន្តរាយកើតឡើងពិតប្រាកដ ដោយអ្នកហៅទូរស័ព្ទនោះ បានស្នើឱ្យប៉ូលិសបញ្ជូនកម្លាំងទៅកាន់ច្រកផ្លូវតូចមួយ ដែលមានមនុស្សប្រជ្រៀតគ្នាណែនខ្លាំងរើខ្លួនសឹងពុំរួច។

ក្រោយមក ប៉ូលិសក៏ទទួលបានការហៅទូរស័ព្ទបន្ទាន់ ស្រដៀងគ្នាចំនួន១០ទៀត ខណៈលើកចុងក្រោយធ្វើឡើង តែប៉ុន្មាននាទីប៉ុណ្ណោះ មុនពេលមនុស្សដែលនៅជាប់កកកុញ ចាប់ផ្តើមដួលសង្កត់ជាន់លើគ្នា។ ក្រោយពេលទទួលបានសំណើទាំងនោះ ខាងប៉ូលិស បានចល័តកម្លាំងទៅទីតាំងតែចំនួន៤ប៉ុណ្ណោះ ក្នុងចំណោមការហៅទូរស័ព្ទបន្ទាន់ទាំង១១ ហើយវាមិនទាន់ច្បាស់នោះទេ ថាតើហេតុអ្វី ពួកគេមិនបានបញ្ជូនកម្លាំងទៅកាន់ទីតាំងទាំងអស់ ឬមួយក៏ថាតើ មានការអនុវត្តចំណាត់ការសុវត្ថិភាពបែបណា បន្ទាប់ពីពួកគេ​បានទៅដល់។

ក្រុមសមាជិកសភានៃបក្សប្រឆាំងកូរ៉េខាងត្បូង បានអំពាវនាវឱ្យដកតំណែងអគ្គស្នងការប៉ូលិសជាតិ ហើយនិងរដ្ឋមន្រ្តីមហាផ្ទៃ ជាបន្ទាន់។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ អគ្គស្នងការប៉ូលិសជាតិកូរ៉េខាងត្បូង លោក យូន ហ៉ីគឺន (Yoon Hee-keun) បានទទួលស្គាល់ថា វិធានការគ្រប់គ្រងហ្វូងមនុស្សនៅកន្លែងកើតហេតុ គឺមិនគ្រប់គ្រាន់ពិតមែន ហើយលោកបានសន្យា បើកការស៉ើបអង្កេត​ផ្ទៃក្នុងយ៉ាងហ្មត់ចត់មួយ។ ចំណែករដ្ឋមន្រ្តីមហាផ្ទៃ លោក លី សាងមីន (Lee Sang-min) ក៏បានចេញមុខសុំទោសផងដែរ។

គួរបញ្ជាក់ថា បើតាមការប៉ាន់ស្មាន មនុស្សរហូតដល់ ១០០,០០០នាក់ បានទៅប្រមូលផ្តុំគ្នានៅសង្កាត់អ៉ីតែវ៉ុន (Itaewon) នៃរដ្ឋធានីសេអ៊ូល កាលពីយប់ថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដើម្បីអបអរបុណ្យ Halloween ដែលទើបប្រារព្ធឡើងវិញជាលើកដំបូង ចាប់តាំងពីមានការរាតត្បាត នៃជំងឺកូវីដ១៩។ សោកនាដកម្មនៅទីនោះ បានផ្តាច់ជីវិតមនុស្សសរុប១៥៦នាក់ បង្កឱ្យរបួស១៧២ ក្នុងនោះ៣៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ក្នុងចំណោមអ្នកស្លាប់ គឺមានជនបរទេសយ៉ាងហោច២៦នាក់ មកពី១៤ប្រទេស៕