(បែរឡាំង)៖ ផែនការដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសចិន របស់អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ៍ (Olaf Scholz) កំពុងស្ថិតក្រោមការតាមដានយ៉ាងដិតដល់ពីសំណាក់សម្ព័ន្ធមិត្ត ជុំវិញសំណួរថា តើអាល្លឺម៉ង់មានភាពប្រាកដប្រជាកម្រិតណា ក្នុងការកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចរបស់ខ្លួន ទៅលើចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២។

ដំណើរទស្សនកិច្ចរយៈពេល១ថ្ងៃ ដែលនឹងធ្វើឡើងនាថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ខាងមុខនេះ នឹងធ្វើឲ្យលោក សូលហ៍ ក្លាយជាមេដឹកនាំប្រទេស G7 ដំបូងគេ ដែលធ្វើទស្សនកិច្ចនៅប្រទេសចិន ចាប់តាំងពីវិបត្តិជំងឺកូវីដ១៩លេចឡើង និងជាលើកដំបូងសម្រាប់ការជួបជាមួយប្រធានាធិបតីចិន លោក ស៉ី ជិនពីង ក្រោយពេលដែលលោកទើបនឹងជាប់ជា អគ្គលេខាធិការបក្សកុម្មុយនីសចិន នៅអាណត្តិថ្មី។

តាមការស្ទង់មតិនាពេលថ្មីៗនេះ ដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចក្នុងប្រទេសអាល្លឺម៉ង់ បានរកឃើញថា ជិតពាក់កណ្តាលនៃក្រុមហ៊ុនឧស្សាហកម្មអាល្លឺម៉ង់ ឥឡូវនេះពឹងផ្អែកជាខ្លាំងទៅលើប្រទេសចិន។ ប្រទេសលោកខាងលិច ជាពិសេសសម្ព័ន្ធមិត្តសន្តិសុខកំពូលរបស់អាល្លឺម៉ង់ គឺសហរដ្ឋអាមេរិក កំពុងមានការព្រួយបារម្ភអំពីការអនុវត្តពាណិជ្ជកម្ម របស់ប្រទេសចិន និងបញ្ហាក្នុងតំបន់មួយចំនួនទៀត។

គួរបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មដ៏ស៊ីជម្រៅ បានចងភ្ជាប់សេដ្ឋកិច្ចរបស់ប្រទេសដ៏ធំបំផុតនៅតំបន់អាស៊ី និងអឺរ៉ុបទាំងពីរនេះ ដោយការរីកធំឡើងយ៉ាងរហ័ស បូករួមជាមួយតម្រូវការរបស់ប្រទេសចិន សម្រាប់រថយន្តក៏ដូចជាគ្រឿងម៉ាស៊ីនរបស់អាល្លឺម៉ង់ បានជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ចិន ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ ចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតតែមួយគត់ របស់អាល្លឺម៉ង់ក្នុងឆ្នាំ២០១៦៕