(កៀវ)៖ នៅថ្ងៃពុធនេះ អភិបាលទីក្រុងកៀវ លោក វីតាលី ឃ្លីតឆ្កូ (Vitali Klitschko) បាននិយាយថា អាជ្ញាធរនៅរដ្ឋធានីអ៊ុយក្រែន កំពុងត្រៀមទីតាំងផ្តល់កម្តៅសរុបជាង ១,០០០កន្លែង នៅពាសពេញទីក្រុង ក្នុងករណីដែលប្រព័ន្ធចែកចាយការផ្គត់ផ្គង់កម្តៅ លែងអាចដំណើរការ ដោយសារតែការបន្តវាយប្រហាររបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន ​AFP នៅថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២។

ការវាយប្រហារដោយដ្រូននិងមីស៉ីល រយៈពេលប៉ុន្មានសប្តាហ៍មកនេះ បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសអ៊ុយក្រែន ប្រហែលជា ៤០ភាគរយ ហើយការវាយប្រហារមួយលើកៗ តែងតែធ្វើឱ្យផ្នែកមួយចំនួនធំនៃរដ្ឋធានីកៀវ ដាច់ការផ្គត់ផ្គង់អគ្គិសនីនិងទឹក​ជាបណ្តោះអាសន្ន។

លោក ឃ្លីតឆ្កូ បាននិយាយថា អាជ្ញាធរទីក្រុងកៀវ កំពុងពិចារណាលើសេណារីយ៉ូផ្សេងៗគ្នា ដោយសារការវាយប្រហារមីស៉ីល។ ក្នុងនោះសេណារីយ៉ូអាក្រក់បំផុត គឺនៅក្នុងទីក្រុងទាំងមូល អាចនឹងលែងមានថាមពលអគ្គិសនី ទឹក ឬក៏ការផ្តល់កម្តៅអ្វីឡើយ។ ដូច្នេះហើយសម្រាប់ករណីយ៉ាងដូច្នោះ ទីតាំងផ្តល់កម្តៅជាង ១,០០០កន្លែង កំពុងត្រូវត្រៀមរៀបចំឡើង។ នៅតាមទីតាំងទាំងនោះ នឹងរួមមាននូវម៉ាស៉ីនភ្លើង ហើយនិងសម្ភារចាំបាច់ផ្សេងៗ ដូចជាទឹកជាដើម។

គួរបញ្ជាក់ថា កន្លងមកនេះ រដ្ឋាភិបាលអ៊ុយក្រែន បានអំពាវនាវដល់ប្រជាជនអ៊ុយក្រែន ដែលបានភៀសខ្លួនចេញពីប្រទេស ឱ្យបន្តស្នាក់នៅបរទេសសិន កំលុងរដូវរងា កុំទាន់អាលត្រឡប់ចូលស្រុកវិញ។ ទន្ទឹមគ្នាអ៊ុយក្រែនក៏បានចោទរុស្ស៉ីផងដែរថា កំពុងបង្កវិបត្តិមនុស្សធម៌ថ្មីទៀត តាមរយៈការបំភិតបំភ័យឱ្យមនុស្សកាន់តែច្រើនរត់ភៀសខ្លួន ក្រោមការភ័យខ្លាចថា ពុំមានថាមពលអគ្គិសនី ឬក៏ការផ្តល់កម្តៅ កំលុងរដូវត្រជាក់៕