(វ៉ាស៉ីនតោន)៖ ប្រភពពីមន្រ្តីអាមេរិក ក្នុងសប្តាហ៍នេះ បានឱ្យដឹងថា ក្រុមហ៊ុនអវកាស SpaceX កំពុងកំណត់គោលដៅយកខ្ទង់ដើមខែធ្នូ ឆ្នាំនេះ សម្រាប់ការបាញ់បង្ហោះប្រព័ន្ធរ៉ុក្កែត-យានអវកាស Starship របស់ខ្លួន ឡើងទៅកាន់គន្លងអវកាសជាលើកដំបូង ខណៈវានឹងជាការធ្វើតេស្តហោះហើរដ៏សំខាន់មួយ ខណៈ SpaceX នឹងប្រើប្រាស់នាវាអវកាសនេះ ដើម្បីដឹកជញ្ជូនអវកាសយានិករបស់ ទីភ្នាក់ងារអវកាសអាមេរិក ​ណាសា (NASA) ទៅកាន់ឋានព្រះចន្ទ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២។

ប៉ុន្មានឆ្នាំកន្លងទៅនេះ យានអវកាស Starship ត្រូវបានធ្វើតេស្តសាកល្បងជាបន្តបន្ទាប់ ខណៈក្នុងការធ្វើតេស្តចុងក្រោយបង្អស់ យានគំរូ១គ្រឿង ត្រូវបានបាញ់ឡើងផុតពីផ្ទៃដី បានកម្ពស់ប្រហែល១០គីឡូម៉ែត្រ ដើម្បីធ្វើតេស្តទៅលើសមត្ថភាពចុះចតរបស់វា។ សម្រាប់បេសកកម្មសាកល្បងនាខែធ្នូ ខាងមុខ យាន Starship នឹងត្រូវធ្វើតេស្តជាមួយគ្រាប់រ៉ុក្កែតរបស់វាតែម្តង ដែលហៅថា Super Heavy Booster។ យាន Starship មានបណ្តោយប្រវែង៥០ម៉ែត្រ ខណៈគ្រាប់រ៉ុក្កែត Super Heavy មានបណ្តោយប្រវែង៧០ម៉ែត្រ។

ក្នុងការធ្វើតេស្តនោះ គឺក្រោយការបាញ់បង្ហោះឡើង រ៉ុក្កែត Super Heavy នឹងត្រឡប់មកចុះចតនៅលើដីវិញភ្លាមៗ ខណៈយាន Starship នឹងត្រឡប់ចុះមកវិញ នៅរយៈពេលប្រហែល៩០នាទីក្រោយមក បន្ទាប់ពីវាស្ថិតក្នុងទីអវកាស ហើយធ្លាក់ចូលទៅក្នុង​ផ្ទៃសមុទ្រ នៅចម្ងាយប៉ុន្មានគីឡូម៉ែត្រពីកោះហាវ៉ៃ។ យ៉ាងណាមិញ ការធ្វើតេស្តផ្សេងៗទៀតនៅលើដី ជាមួយគ្រាប់រ៉ុក្កែត Super Heavy និងការងារត្រួតពិនិត្យពីអាជ្ញាធរពាក់ព័ន្ធ អាចនឹងពន្យារពេលគម្រោងធ្វើតេស្តហោះហើរ នៅទីអវកាសជាលើកដំបូងរបស់យាន Starship ទៅដល់ឆ្នាំក្រោយក៏ថាបានដែរ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ NASA បានជ្រើសប្រព័ន្ធនាវាអវកាស Starship របស់ក្រុមហ៊ុន SpaceX ដើម្បីនាំយកមនុស្សទៅ​កាន់ផ្ទៃឋានព្រះចន្ទ នៅខ្ទង់ឆ្នាំ២០២៥ ដែលនឹងជាលើកដំបូងបំផុត គិតចាប់តាំងពីឆ្នាំ១៩៧២មក។ បេសកកម្មនោះ​ ដែលស្ថិតក្រោម​កិច្ចសន្យាតម្លៃប្រមាណជា ៣ពាន់លានដុល្លារ តម្រូវឱ្យមានការហោះហើរសាកល្បង ជាមុនប៉ុន្មានជើងសិន ដែលអាចនឹងអូសបន្លាយគោលដៅឆ្នាំ២០២៥ របស់ NASA៕