(វ៉ាស៉ីនតោន)៖ កាលពីដើមសប្តាហ៍នេះ ក្រសួងការពារជាតិអាមេរិក បានឱ្យដឹងថា ទីក្រុងវ៉ាស៉ីនតោន នឹងបញ្ជូនប្រព័ន្ធការពារដែន​អាកាស NASAMS ចំនួន២គ្រឿងដំបូងទៅឱ្យអ៊ុយក្រែន ក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន RT នៅថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២។

មន្រ្តីការពារជាតិអាមេរិកមួយរូប បាននិយាយថា សហរដ្ឋអាមេរិកបានប្តេជ្ញាផ្តល់ប្រព័ន្ធ NASAMS សរុប៨គ្រឿង រួមជាមួយគ្រាប់សម្រាប់ប្រើប្រាស់ ហើយ២គ្រឿងដំបូងនឹងទៅដល់អ៊ុយក្រែន ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ យោងតាមមន្រ្តីដដែល អាមេរិកក៏នឹង​ផ្តល់គ្រឿងបន្លាស់ផ្សេងៗ សម្រាប់ប្រព័ន្ធការពារដែនអាកាសសម័យសូវៀតរបស់អ៊ុយក្រែន ព្រមទាំងប្រព័ន្ធសម្រាប់ប្រឆាំងដ្រូនជាច្រើនប្រភេទផងដែរ។

គួរបញ្ជាក់ថា ប្រព័ន្ធ NASAMS ស្ថិតក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុនផលិតសព្វាវុធអាមេរិក រេធីអន តិចណូឡូជី (Raytheon Technologies) ហើយប្រើប្រាស់គ្រាប់ប្រភេទ AIM-120 ឬក៏ AMRAAM សម្រាប់បាញ់ក្នុងរយៈចម្ងាយខ្លី ដើម្បីប្រឆាំងនឹងដ្រូន មីស៉ីល ក៏ដូចជាយន្តហោះ។

សហរដ្ឋអាមេរិក បានប្រកាសជាលើកដំបូងថា នឹងប្រគល់ប្រព័ន្ធការពារដែនអាកាសនេះ ឱ្យដល់អ៊ុយក្រែន កាលពីខែកញ្ញាកន្លងទៅ ខណៈ​នៅខែតុលា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន ឃើប៊ី (John Kirby) បាននិយាយថា ដំណើរការប្រគល់ពួកវា នឹងត្រូវពន្លឿនបន្ថែម បន្ទាប់ពីរុស្ស៉ីបានចាប់ផ្តើមយុទ្ធនាការ វាយប្រហារដោយដ្រូននិងមីស៉ីល ទៅលើអ៊ុយក្រែន៕