(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ប្រធានាធិបតីតួកគី លោក តាយ៉ីប អឺដូហ្កាន់ (Tayyip Erdogan) ថាទីក្រុងមូស្គូនឹងពិចារណាបន្ត កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ ពីកំពង់ផែសមុទ្រអ៊ុយក្រែន ប្រសិនបើទទួលបាន «ការធានាពិតប្រាកដ» ពីទីក្រុងកៀវ។ នេះបើយោងតាមការដកស្រង់ ផ្សាយពីទីភ្នាក់សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២។

ការបញ្ជាក់របស់លោក ពូទីន ធ្វើឡើងក្នុងជំនួបតាមទូរស័ព្ទជាមួយលោក អឺដូហ្កាន់ នៅថ្ងៃអង្គារសប្តាហ៍នេះ ក្រោយពីរុស្ស៉ីប្រកាសផ្អាកកិច្ចព្រមព្រៀងនេះ ជាការសងសឹកនឹងការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់គ្រីមៀ។ ក្នុងជំនួបនោះ លោក ពូទីន បានប្រាប់លោក អឺដូហ្កាន់ ថារុស្ស៊ីចង់ស្វែងរក «ការធានាពិតប្រាកដពីទីក្រុងកៀវ» អំពីការធ្វើប្រតិបត្តិយ៉ាងត្រឹមត្រូវក្រោមកិច្ចព្រមព្រៀងទីក្រុងអ៊ីស្តង់ប៊ុល ជាពិសេសអំពីការមិនប្រើប្រាស់ច្រករបៀង មនុស្សធម៌សម្រាប់គោលបំណងយោធា។ មិនតែប៉ុណ្ណោះ រុស្ស៉ីចក៏ង់ឲ្យមានការស៉ើបអង្កេតលម្អិតលើករណីវាយប្រហារដោយយន្តហោះដ្រូន នៅលើកំពង់ផែកងទ័ពជើងទឹក ស៉ីវ៉ាស្តូប៉ូល (Sevastopol) នៃតំបន់គ្រីមៀ ជាមុនសិន មុននឹងពិចារណាបន្តកិច្ចព្រមព្រៀងនេះផងដែរ។

គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់រុស្ស៉ី ជុំវិញការផ្អាកការចូលរួមក្នុងកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ បាននិងកំពុងបង្កឱ្យមានការព្រួយបារម្ភជាថ្មីពីវិបត្តិ ស្បៀងអាហារសកល និងការឡើងថ្លៃចំណីអាហារ៕