(មូស្គូ)៖ នៅថ្ងៃអង្គារសប្តាហ៍នេះ រុស្ស៊ីបានប្រាប់ឲ្យជនស៊ីវិលចាកចេញពីបណ្តោយច្រាំងខាងកើត នៃទន្លេឌីនីប្រូ (Dnipro) ក្នុងតំបន់ខឺសុន (Kherson) របស់អ៊ុយក្រែន ជាទីដែលទីក្រុងកៀវ ចោទថា មានការបង្ខំឲ្យប្រជាជនជម្លៀសចេញពីទឹកដីដែលរុស្ស៉ីកំពុងកាន់កាប់។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រុមមន្ត្រីដែលរុស្ស៊ីលើកបន្តុប បាននិយាយថា ពួកគេកំពុងអនុវត្តបទបញ្ជានេះ ទៅកាន់តំបន់ដែលខ្លួនកាន់កាប់ចម្ងាយ១៥គីឡូម៉ែត្រ នៅតាមបណ្តោយច្រាំង ខាងកើតនៃទន្លេឌីនីប្រូ។ ក្នុងសារជាវីដេអូមួយ លោក វ្ល៉ាឌីមៀ សាលដូ (Vladimir Saldo) អភិបាលតំបន់ខឺសុនដែលរុស្ស៉ីលើកបន្តុប បានបញ្ជាក់ដូច្នេះថា «ដោយសារតែលទ្ធភាពនៃការប្រើប្រាស់វិធីសាស្រ្តទប់ស្កាត់សង្រ្គាមរបស់អ៊ុយក្រែន ក៏ដូចជាព័ត៌មានដែលថាទីក្រុងកៀវ កំពុងរៀបចំការវាយប្រហារដោយ មីស៊ីលដ៏ធំមួយ មកលើស្ថានីយ៍វារីអគ្គិសនីខាកូវកា (Kakhovka) នឹងនាំឲ្យមានគ្រោះថ្នាក់ភ្លាមៗ នៅក្នុងតំបន់ខឺសុន។ ដូច្នេះការសម្រេចចិត្តដើម្បីពង្រីក តំបន់ជម្លៀស នឹងអាចទប់ទល់ការវាយប្រហាររបស់អ៊ុយក្រែន និងការពារជនស៊ីវិល បាន»

គួរបញ្ជាក់ថា រុស្ស៊ី ដែលបានក្រសោបយកផ្នែកខ្លះនៃតំបន់ខឺសុនរបស់អ៊ុយក្រែនដោយខុសច្បាប់ បានអះអាងថាខ្លួនកំពុងនាំយកជនស៊ីវិលទៅកាន់កន្លែង សុវត្ថិភាព ដោយសារតែមានហានិភ័យដែលអ៊ុយក្រែនអាចនឹងប្រើអាវុធខុសធម្មតា។ រីឯ អ៊ុយក្រែនបានហៅការជម្លៀសនេះថាជាការនិរទេសដោយបង្ខំចេញពី ទឹកដីដែលរុស្ស៉ីដណ្តើមកាន់កាប់ និងជាឧក្រិដ្ឋកម្មសង្គ្រាម៕