(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃពុធនេះបាននិយាយថាខ្លួនបានបាញ់មីស៊ីល ៣គ្រាប់ចេញពីយន្ដហោះចម្បាំង ធ្លាក់នៅក្បែរតំបន់ព្រំដែនសមុទ្រ ជាទី ដែលមីស៊ីលបាលិស្ទីគមួយគ្រាប់របស់កូរ៉េខាងជើង បានធ្លាក់កាលពីព្រឹកមិញនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន យោធាកូរ៉េខាងត្បូង បានគូសបញ្ជាក់ដូច្នេះថា «មីស៊ីលត្រូវបានបាញ់ចូលតំបន់ដែនទឹក នៅក្បែរខ្សែបន្ទាត់ព្រំដែនខាងជើង ក្នុងចម្ងាយពីទីតាំងដែលមីស៊ីលរបស់កូរ៉េខាងជើងបានធ្លាក់»។ សេចក្ដីថ្លែងការណ៍ដដែលបន្ថែមទៀតថានេះជាការធ្វើសមយុទ្ធបង្ហាញថាទីក្រុង សេអ៊ូល ត្រៀមខ្លួនជាស្រេចក្នុងការចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅនឹងរាល់ទង្វើបង្កហេតុនានា។

គួរបញ្ជាក់ថា យោធាកូរ៉េខាងត្បូង បានអះអាងថាកូរ៉េខាងជើងនៅថ្ងៃពុធនេះបានបាញ់សាកល្បងមីស៊ីលយ៉ាងហោច ១០គ្រាប់ជាច្រើនប្រភេទផ្សេងៗគ្នា តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីក្រុងសេអ៊ូល ទទួលស្គាល់ថាមានមីស៊ីលមួយគ្រាប់បានធ្លាក់នៅក្បែរដែនទឹកកូរ៉េខាងត្បូង ជាលើកដំបូង។

ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង កើតមានឡើង បន្ទាប់ពីទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានស្នើឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដោយចាត់ទុកថានេះជាទង្វើបង្កហេតុដែលនឹងជំរុញឱ្យមានការចាត់វិធានការឆ្លើយតបពីសំណាក់ទីក្រុង ព្យុងយ៉ាង។ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាន និងកំពុងធ្វើសមយុទ្ធទ័ពអាកាសរួមគ្នា ដោយមានការចូលរួមពីយន្ដហោះចម្បាំងសរុបជាង ២៤០គ្រឿង ដែល នឹងបិទបញ្ចប់នៅថ្ងៃសុក្រសប្ដាហ៍នេះចំពោះមុខការព្រួយបារម្ភថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញឆាប់ៗនេះ៕