(មូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួនកំពុងពិចារណាលើ «ជំហានបន្ថែមទៀត» ដើម្បីចាត់វិធានការទាក់ទងនឹងការចោទប្រកាន់របស់ខ្លួន ដែលថាអង់គ្លេសជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារលើបំពង់ឧស្ម័ន ណ័រស្ទ្រីម (Nord Stream) នៅក្រោមសមុទ្រ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅចំពោះមុខអ្នកសារព័ត៌មាន លោក ប៉េសកូវ បានបញ្ជាក់ដូច្នេះថា «មានភស្តុតាងដែលថាអង់គ្លេស មានជាប់ពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញ... ហើយនេះជា អំពើភេរវកម្មប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សំខាន់។ សកម្មភាពបែបនេះមិនអាចទុកមួយឡែកបានទេ។ ជាការពិតណាស់យើងនឹងគិតអំពី ជំហានបន្ថែមទៀត»

យ៉ាងនេះក្តី វិមានក្រឹមឡាំងមិនបានបញ្ចេញភស្តុតាងដើម្បីគាំទ្រការអះអាងរបស់ខ្លួនឡើយ ហើយក៏គ្មានការសម្រេចណាមួយថាត្រូវឲ្យរុស្ស៉ីជាអ្នកជួសជុល បំពង់នេះដែរ ខណៈវិមានក្រឹមឡាំងកំពុងរង់ចាំការវាយតម្លៃពីទំហំនៃការខូចខាតពីក្រុមអ្នកជំនាញ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្រសួងការពារជាតិរុស្ស៉ី បានចោទប្រកាន់ថាកងទ័ពជើងទឹកអង់គ្លេស បានចូលរួមក្នុងសកម្មភាពបំផ្ទុះបំពង់ឧស្ម័ន Nord Stream កាលពីខែកញ្ញា រីឯទីក្រុងឡុងដ៏បានច្រានចោលការចោទប្រកាន់នេះ ដោយលើកឡើងថារុស្ស៉ីរៀបចំឡើងដើម្បីបង្វែរការបរាជ័យ ផ្នែកយោធានៅអ៊ុយក្រែន៕