(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានអះអាងថាកូរ៉េខាងជើងនៅថ្ងៃពុធនេះបានបាញ់សាកល្បងមីស៊ីលយ៉ាងហោច ១០គ្រាប់ជាច្រើនប្រភេទផ្សេងៗគ្នា តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីក្រុងសេអ៊ូល ទទួលស្គាល់ថាមានមីស៊ីលមួយគ្រាប់បានធ្លាក់នៅក្បែរដែនទឹកកូរ៉េខាងត្បូង ជាលើកដំបូង។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន យោធាកូរ៉េខាងត្បូងបានគូសបញ្ជាក់ដូច្នេះថា «កូរ៉េខាងជើងបានបាញ់តេស្ដមីស៊ីលយ៉ាងហោច ១០គ្រាប់ ជាច្រើន ប្រភេទផ្សេងៗគ្នា នៅថ្ងៃនេះ ឆ្ពោះទៅកាន់ភាគខាងកើត និងភាគខាងលិច»។ យោធាកូរ៉េខាងត្បូងបន្ថែមទៀតថាលោកប្រធានាធិបតី យូន ស៊ុកយុល បានចេញបញ្ជាឱ្យត្រៀមចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងទង្វើបង្កហេតុពីកូរ៉េខាងជើងផងដែរ។

គួរបញ្ជាក់ថា មុនដំបូងឡើយ កូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើង នៅថ្ងៃពុធនេះបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីចំនួន ៣គ្រាប់ ធ្លាក់ចូលក្នុងតំបន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន ហើយក្នុងនោះមានមីស៊ីលមួយគ្រាប់បានធ្លាក់នៅក្បែរដែនទឹកកូរ៉េខាងត្បូងជាលើកដំបូង។

ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង កើតមានឡើង បន្ទាប់ពីទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានស្នើឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដោយចាត់ទុកថានេះជាទង្វើបង្កហេតុដែលនឹងជំរុញឱ្យមានការចាត់វិធានការឆ្លើយតបពីសំណាក់ទីក្រុង ព្យុងយ៉ាង។ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាន និងកំពុងធ្វើសមយុទ្ធទ័ពអាកាសរួមគ្នា ដោយមានការចូលរួមពីយន្ដហោះចម្បាំងសរុបជាង ២៤០គ្រឿង ដែល នឹងបិទបញ្ចប់នៅថ្ងៃសុក្រសប្ដាហ៍នេះចំពោះមុខការព្រួយបារម្ភថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញឆាប់ៗនេះ៕