(កៀវ)៖ ក្រសួងការពារជាតិអ៊ុយក្រែន នៅថ្ងៃអង្គារសប្ដាហ៍នេះបានឱ្យដឹងថាអ៉ីរ៉ង់មានផែនការបញ្ជូនយន្ដហោះដ្រូនប្រយុទ្ធជាង ២០០គ្រឿងបន្ថែមឱ្យ រុស្ស៉ី ខណៈទីក្រុងមូស្គូ កំពុងបង្កើនយុទ្ធនាការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងប្រទេសអ៊ុយក្រែន ចំពោះមុខរដូវរងាកាន់តែខិតជិតចូល មកដល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើគេហទំព័ររដ្ឋាភិបាល ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ថានៅដើមខែវិច្ឆិកានេះ អ៉ីរ៉ង់មានគម្រោងបញ្ជូន យន្ដហោះដ្រូន សាហ៉ីដ ១៣៦ (Shahed-136), យន្ដហោះដ្រូនម៉ូហាជឺ ៦ (Mohajer-6) និងយន្ដហោះដ្រូនអារ៉ាស់ ២ (Arash-2) ជាង២០០គ្រឿង ឱ្យរុស្ស៉ី។ ក្រសួងការពារជាតិអ៊ុយក្រែន បន្ថែមទៀតថាយន្ដហោះដ្រូនទាំងនេះអាចនឹងត្រូវបានបញ្ជូនតាមសមុទ្រ កាសព្យៀន (Caspian Sea) ទៅកាន់ ទីក្រុង អាស្ត្រាខាន់ (Astrakhan) របស់រុស្ស៉ី។

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី១៣ ខែកញ្ញា មកទល់នឹងបច្ចុប្បន្ន កងកម្លាំងអ៊ុយក្រែនបានបាញ់ទម្លាក់យន្ដហោះដ្រូន អត្តឃាតផលិតដោយអ៉ីរ៉ង់ជាង៣០០គ្រឿងហើយ។ ប៉ុន្តែ អ៉ីរ៉ង់នៅតែបន្តបដិសេធថាខ្លួនមិនបានបញ្ជូនអាវុធឱ្យរុស្ស៉ីនោះទេ៕