(សេអ៊ូល)៖ ស៊ីរ៉ែនប្រកាសអាសន្នដ៏កម្រមួយបានបន្លឺសំឡេងឡើង នៅឯកោះដាច់ស្រយាលមួយរបស់កូរ៉េខាងត្បូង បន្ទាប់ពីកូរ៉េខាងជើងបាញ់មីស៊ីល បាលិស្ទីគរយៈចម្ងាយខ្លីចំនួន៣គ្រាប់ ធ្លាក់ចូលសមុទ្រនៅថ្ងៃពុធនេះ ក្នុងនោះមានមីស៊ីលមួយគ្រាប់ធ្លាក់នៅចម្ងាយមិនដល់ ៦០គីឡូម៉ែត្រទេ ពីតំបន់ឆ្នេរ កូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២។

ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង កើតមានឡើង បន្ទាប់ពីទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានស្នើឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដោយចាត់ទុកថានេះជាទង្វើបង្កហេតុដែលនឹងជំរុញឱ្យមានការចាត់វិធានការឆ្លើយតបពីសំណាក់ទីក្រុង ព្យុងយ៉ាង។ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាន និងកំពុងធ្វើសមយុទ្ធទ័ពអាកាសរួមគ្នា ដោយមានការចូលរួមពីយន្ដហោះចម្បាំងសរុបជាង ២៤០គ្រឿង ដែលនឹងបិទបញ្ចប់នៅថ្ងៃសុក្រសប្ដាហ៍នេះ ចំពោះមុខការព្រួយបារម្ភថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ឡើងវិញឆាប់ៗនេះ។

យោធាកូរ៉េខាងត្បូង បានប្រកាសស៊ីរ៉ែនអាសន្ន ជាមួយការព្រមានឱ្យប្រជាជនរស់នៅលើកោះអ៊ូលលេអ៊ុង (Ulleung) រត់រកកន្លែងមានសុវត្ថិភាព ដោយ មីស៊ីលមួយគ្រាប់បានធ្លាក់នៅចម្ងាយ ២៦គីឡូម៉ែត្រពីតំបន់ជម្លោះដែនទឹកអន្តរកូរ៉េ ហើយគ្រាប់ទី២ ធ្លាក់នៅចម្ងាយ ៥៧គីឡូម៉ែត្រពីទីក្រុង សុខឆូ (Sokcho) និងគ្រាប់ទី៣ ធ្លាក់នៅចម្ងាយ ១៦៧គីឡូម៉ែត្រពីកោះអ៊ូលលេអ៊ុង៕