(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃពុធនេះបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីចំនួន ៣គ្រាប់ ធ្លាក់ចូលក្នុងតំបន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន ហើយក្នុងនោះមានមីស៊ីលមួយគ្រាប់ហោះរំលងតំបន់ព្រំដែនទឹកជាប់ជាមួយកូរ៉េខាងត្បូង។ នេះបើតាមយោធាកូរ៉េខាងត្បូង ដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២។

យោធាកូរ៉េខាងត្បូង បានឱ្យដឹងទៀតថាមីស៊ីលទាំង៣គ្រាប់ខាងលើ ត្រូវបានបាញ់ចេញពីទីក្រុង វ៉ុនសាន (Wonsan) ស្ថិតនៅឆ្នេរភាគខាងកើតរបស់ កូរ៉េខាងជើង នៅម៉ោងប្រហែល ៨៖៥១នាទីព្រឹក (ម៉ោងក្នុងតំបន់)។

ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង កើតមានឡើង បន្ទាប់ពីទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានស្នើឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដោយចាត់ទុកថានេះជាទង្វើបង្កហេតុដែលនឹងជំរុញឱ្យមានការចាត់វិធានការឆ្លើយតបពីសំណាក់ទីក្រុង ព្យុងយ៉ាង។

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាន និងកំពុងធ្វើសមយុទ្ធទ័ពអាកាសរួមគ្នា ដោយមានការចូលរួមពីយន្ដហោះចម្បាំងសរុបជាង២៤០គ្រឿង ដែល នឹងបិទបញ្ចប់នៅថ្ងៃសុក្រសប្ដាហ៍នេះ ចំពោះមុខការព្រួយបារម្ភថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញឆាប់ៗនេះ៕