(វ៉ាស៊ីនតោន)៖ ដោយសំអាងថារុស្ស៉ីកំពុងបង្កើនការប្រើប្រាស់យន្ដហោះដ្រូនផលិតដោយអ៉ីរ៉ង់ ដើម្បីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងប្រទេសអ៊ុយក្រែន ទីក្រុងកៀវ បានស្នើសុំឱ្យអ៉ីស្រាអែលផ្ដល់ប្រព័ន្ធមីស៊ីលការពារដែនអាកាស Iron Dome មកឱ្យយោធាអ៊ុយក្រែនយកទៅប្រើក្នុងការទប់ទល់ជាមួយគ្រាប់រ៉ុក្កែត មីស៊ីល និងយន្ដហោះដ្រូន ជាដើម។ អ៊ុយក្រែន ក៏បានសង្កត់ធ្ងន់ដែរថាការប្រើប្រាស់យន្ដហោះដ្រូន និងមីស៊ីលរបស់អ៉ីរ៉ង់ដោយរុស្ស៉ី នឹងធ្វើឱ្យប្រព័ន្ធអាវុធអ៉ីរ៉ង់កាន់តែទំនើប ក៏ដូចជាអាចនឹងជួយឱ្យទីក្រុង តេហេរ៉ង់ មានសមត្ថភាពផលិតអាវុធដែលអាចគំរាមកំហែងដល់អ៉ីស្រាអែល។

ក៏ប៉ុន្តែ ខាងអ៉ីស្រាអែល មិនបានឆ្លើយតបជាវិជ្ជមាននោះទេ បើទោះជាកំពុងទទួលរងសម្ពាធ និងការរិះគន់ពីសំណាក់សម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនចំពោះការស្ទាក់ស្ទើរបញ្ជូន អាវុធឱ្យអ៊ុយក្រែន​ ក៏ដោយ។ សង្រ្គាមនៅអ៊ុយក្រែន វាមានជាប់ពាក់ព័ន្ធនឹងប្រយោជន៍សន្តិសុខជាតិអាមេរិក ដែលតម្រូវឱ្យទីក្រុងវ៉ាស៊ីនតោន ជួយអ៊ុយក្រែនវាយបំបាក់ការ ឈ្លានពានពីសំណាក់រុស្ស៉ី។ ពីព្រោះថានៅក្នុងករណីដែលលោកប្រធានាធិបតី ពូទីន ពិតជាអាចទទួលបានជ័យជម្នះលើអ៊ុយក្រែនពិតប្រាកដមែន នោះរុស្ស៉ីអាចនឹងគូសផែនទីអឺរ៉ុប សាជាថ្មីដែលនេះអាចនឹងបំផ្លាញដល់ផលប្រយោជន៍អាមេរិក ខណៈសម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់អាស៊ីក៏អាចនឹងសង្ស័យចំពោះសមត្ថភាព និងអំណាចរបស់សហរដ្ឋអាមេរិក ផងដែរ។ ដូច្នេះ​ការជួយអ៊ុយក្រែន វាមិនមែនជាការជួយយកតែបុណ្យនោះទេ តែវាគឺជារឿងដែលសហរដ្ឋអាមេរិក ត្រូវធ្វើដើម្បីអំណាចនៃភាពជាមេដឹកនាំពិភពលោក។

សម្រាប់ប្រទេសដទៃ ដូចជាអ៉ីស្រាអែល គឺផ្សេងពីសហរដ្ឋអាមេរិក ដោយពួកគេក៏មានប្រយោជន៍ផ្ទាល់ខ្លួនដែរ។ ម្យ៉ាងវិញទៀត មុននឹងសួរថាតើហេតុអ្វីបានជាអ៉ីស្រាអែល មិនព្រមផ្ដល់ប្រព័ន្ធមីស៊ីល Iron Dome ឱ្យអ៊ុយក្រែន? គេក៏គួរតែចោទសួរដែរថាតើហេតុអ្វីបានជាសហរដ្ឋអាមេរិកមិនព្រមបញ្ជូនប្រព័ន្ធមីស៊ីល Patriot ឱ្យអ៊ុយក្រែនដោយខ្លួនឯង ទៅ?

ជាការពិតណាស់ សហរដ្ឋអាមេរិកបានបញ្ជូនជំនួយអាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អ៊ុយក្រែន គិតជាទឹកប្រាក់ស្មើនឹងជាង ១៨.២ពាន់លានដុល្លារ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ តែក្នុងនោះមិនមានប្រព័ន្ធមីស៊ីល Patriot នោះទេ។ បើតាមក្រុមអ្នកជំនាញ​ សហរដ្ឋអាមេរិកមិនព្រមបញ្ជូនអាវុធទំនើបៗរបស់ខ្លួនឱ្យអ៊ុយក្រែន ដ្បិត ខ្លាចបច្ចេកវិទ្យារបស់ខ្លួនធ្លាក់ចូលដៃរុស្ស៉ី និងម្យ៉ាងទៀត ខ្លាចធ្វើឱ្យសង្រ្គាមផ្ទុះឡើងកាន់តែធំ។ កាលពីខែសីហាកន្លងទៅ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនអ៉ីស្លាមជីហាដ បានបាញ់ គ្រាប់រ៉ុក្កែតចំនួន ៦០០គ្រាប់ ចូលក្នុងទឹកដីអ៉ីស្រាអែល និងកាលពីខែមីនា ឆ្នាំ២០២១ ក្រុមហាម៉ាសបានបាញ់គ្រាប់រ៉ុក្កែតជាង ៤,៣៦០គ្រាប់ចូលក្នុងទឹកដីអ៉ីស្រាអែល ប៉ុន្តែ គ្រាប់រ៉ុក្កែតទាំងនេះភាគច្រើនលើសលប់ត្រូវបានប្រព័ន្ធមីស៊ីល Iron Dome ស្ទាក់បំផ្លាញចោលនៅលើអាកាសយ៉ាងមានប្រសិទ្ធភាព។

ដោយមើលឃើញពីប្រសិទ្ធភាពនៃប្រព័ន្ធមីស៊ីលនេះឯង ទើបអ៊ុយក្រែន បានស្នើសុំទិញប្រព័ន្ធមីស៊ីល Iron Dome ពីអ៉ីស្រាអែលជាផ្លូវការ។ តែយ៉ាងណាក៏ដោយ អ៉ីស្រាអែល មានការព្រួយបារម្ភថាការលក់ ឬបញ្ជូន Iron Dome ឱ្យអ៊ុយក្រែន អាចនឹងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង។ អ៉ីស្រាអែលត្រូវការប្រព័ន្ធមីស៊ីលនេះជាចាំបាច់ ដើម្បីការពារខ្លួនពី ការវាយប្រហារជាថ្មីណាមួយពីក្រុមហាម៉ាស់ និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនអ៉ីស្លាមជីហាដ។ ក្រុមហេសប៊ូលឡា ក្នុងប្រទេសលីបង់គាំទ្រដោយអ៉ីរ៉ង់ មានមីស៊ីល និងគ្រាប់រ៉ុក្កែត ១៥០,០០០ដើម និងមានយន្ដហោះដ្រូន ២,០០០គ្រឿង ហើយបើក្រុមហេសប៊ូលឡា បាញ់ស្រោចគ្រាប់រ៉ុក្កែត និងមីស៊ីល ១,៥០០គ្រាប់ ក្នុងថ្ងៃ នោះប្រព័ន្ធការពារដែនអាកាស អ៉ីស្រាអែលសព្វថ្ងៃមិនអាចទប់ទល់បានឡើយ។ ម្លោះហើយ អ៉ីស្រាអែលត្រូវការប្រព័ន្ធមីស៊ីល Iron Dome ទុកដើម្បីការពារខ្លួនដែរ ហើយទោះជាបីជាចង់ផលិតបន្ថែម ក៏វាត្រូវ ចំណាយពេលវេលារាប់ឆ្នាំឯណោះ។

លើសពីនេះទៅទៀត អ្វីដែលអ៉ីស្រាអែល បារម្ភបំផុតនោះ គឺខ្លាចថាការផ្ដល់អាវុធប្រព័ន្ធមីស៊ីល Iron Dome ឱ្យអ៊ុយក្រែន អាចនឹងធ្វើឱ្យរុស្ស៉ីខឹងសម្បារដែលនេះអាចនឹងធ្វើឱ្យ ទីក្រុងមូស្គូ ងាកទៅរកអ៉ីរ៉ង់កាន់តែខ្លាំង ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការយោធារបស់អ៉ីស្រាអែល នៅក្នុងប្រទេសស៊ីរីជាទីដែលកងទ័ពរុស្ស៉ីកំពុងឈរជើងជាមួយ ប្រព័ន្ធការពារដែនអាកាស។

កាន់តែខ្លាចជាងនេះទៅទៀតនោះ គឺអ៉ីស្រាអែលខ្លាចថាបច្ចេកវិទ្យាប្រព័ន្ធមីស៊ីល Iron Dome ធ្លាក់ចូលក្នុងដៃរុស្ស៉ី ហើយមូស្គូចែករំលែកព័ត៌មានបន្ត ឱ្យអ៉ីរ៉ង់ ដែលអាចនឹងប្រើប្រាស់ព័ត៌មានទាំងនេះដើម្បីអភិវឌ្ឍសមត្ថភាពអាវុធបាញ់ទម្លុះប្រព័ន្ធមីស៊ីលរបស់អ៉ីស្រាអែល។ និយាយជារួម ដោយសារតែប្រឈមមុខនឹងបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន អ៉ីស្រាអែលមិនអាចការកាត់បន្ថយមធ្យោបាយការពារខ្លួនឯងបាននោះទេ៕