(ប៊ែរឡាំង)៖ អាល្លឺម៉ង់បានប្រាប់ប្រទេសស៊ែប៊ីថា ត្រូវតែសម្រេចចិត្តឲ្យច្បាស់ថា តើត្រូវចូលរួមជាមួយសហភាពអឺរ៉ុប ឬចូលជាភាពជាដៃគូជាមួយរុស្ស៊ី ពីរថ្ងៃបន្ទាប់ពីប្រទេសចំនួនប្រាំមួយ នៅតំបន់បាល់កង់ភាគខាងលិច គ្រោងនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ នៅក្នុងទីក្រុងប៊ែរឡាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

អ្នកតំណាងរដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយ ដោយយោងទៅលើសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនថា «ដោយសារការវិវឌ្ឍភូមិសាស្ត្រនយោបាយ តម្រូវឲ្យមានការសម្រេចចិត្តដ៏ច្បាស់លាស់មួយ»

ប្រទេសស៊ែប៊ី ដែលត្រូវបានរងការទម្លាក់គ្រាប់បែក ដោយអង្គការណាតូកាលពីពីរទសវត្សរ៍មុន ប៉ុន្តែឥឡូវនេះកំពុងស្វែងរកការចូលរួមជាមួយសហភាពអឺរ៉ុបនោះ បានតស៊ូជាយូរមកហើយ ដើម្បីធ្វើឱ្យមានតុល្យភាពទំនាក់ទំនងជិតស្និទ្ធជាប្រវត្តិសាស្ត្រជាមួយរុស្ស៊ី ក្នុងបំណងប្រាថ្នាសម្រាប់សមាហរណកម្មសេដ្ឋកិច្ច និងនយោបាយជាមួយលោកខាងលិច។

អ្នកតំណាងរូបនេះបាននិយាយថា កិច្ចព្រមព្រៀងរវាងស៊ែប៊ី និងរុស្ស៊ីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ គឺគួរឱ្យភ្ញាក់ផ្អើល និងខកចិត្តយ៉ាងខ្លាំង ដោយវាបានប្រាស់ចាកពីការរំពឹងទុក សម្រាប់បេក្ខភាពចូលជាសមាជិកសហភាពអឺរ៉ុប ដែលគួរតែដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ីនោះ។

គួរបញ្ជាក់ថា ប្រទេសស៊ែប៊ី ដែលជាបេក្ខភាពចូលជាសមាជិកតាំងពីឆ្នាំ២០១២ បានសម្រេចចិត្តកាលពីខែកញ្ញា ដើម្បីធ្វើការពិគ្រោះយោបល់គោលនយោបាយការបរទេសទ្វេភាគី និងពហុភាគីជាទៀងទាត់ជាមួយរុស្ស៊ី។ ទង្វើនេះបានជំរុញឲ្យមានការរិះគន់យ៉ាងចាស់ដៃពីសហភាពអឺរ៉ុប៕