(សិង្ហបុរី)៖ ប្រទេសសិង្ហបុរី និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១៩ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ នៅក្នុងកិច្ចប្រជុំទ្វេភាគីថ្នាក់កំពូលប្រចាំឆ្នាំ នៅថ្ងៃអង្គារទី០១ ខែវិច្ឆិកានេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

អនុស្សរណៈនៃការយោគយល់ (MOU) និងកិច្ចព្រមព្រៀងជាច្រើន ត្រូវបានចុះហត្ថលេខាក្នុងរយៈពេល ១៤ឆ្នាំមកនេះ និងច្រើនបំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលគ្របដណ្តប់លើវិស័យដូចជា ការអភិវឌ្ឍន៍បៃតង និងហិរញ្ញវត្ថុបៃតង ពាណិជ្ជកម្មអេឡិចត្រូនិក សុខភាពសាធារណៈ កិច្ចសហប្រតិបត្តិការនវានុវត្តន៍ និងការផ្លាស់ប្តូរទេសចរណ៍។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) លើកទី១៨ ឧបនាយករដ្ឋមន្ត្រី Heng Swee Keat បាននិយាយថា លទ្ធផលនៃកិច្ចព្រមព្រៀងទាំង១៩ នេះ ពិតជាបានឆ្លុះបញ្ចាំងពី «ស៊ីជម្រៅ និងទូលំទូលាយ» នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕