(ហែលស៉ិនគី)៖ នាយករដ្ឋមន្រ្តីនៃប្រទេសហ្វាំងឡង់ លោកស្រី សានណា ម៉ារីន (Sanna Marin) នៅថ្ងៃអង្គារនេះ បានទទូចឱ្យហុងគ្រីនិងតួកគី ផ្តល់ការអនុម័តឱ្យបានឆាប់រហ័ស ចំពោះការស្នើសុំរបស់ហ្វាំងឡង់ផ្ទាល់ និងរបស់ស៊ុយអែត សម្រាប់ចូលជាសមាជិកអង្គការណាតូ (NATO)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ ក្រុមមេដឹកនាំដទៃទៀតនៃតំបន់អឺរ៉ុបខាងជើង លោកស្រី ម៉ារីន បាននិយាយដូច្នេះថា «ក្រសែភ្នែកអន្តរជាតិនាពេលនេះ កំពុងសម្លឹងមើលលើហុងគ្រីនិងតួកគី។ យើងកំពុងរង់ចាំប្រទេសទាំងពីរ ផ្តល់សច្ចាប័នចំពោះ​ពាក្យស្នើសុំចូលជាសមាជិករបស់យើង។ ខ្ញុំយល់ថាវារឿងសំខាន់ ដែលការផ្តល់សច្ចាប័នកើតឡើង ក្នុងពេលឆាប់ៗ»

គួរបញ្ជាក់ថា ហ្វាំងឡង់និងស៊ុយអែត បានដាក់ពាក្យជាផ្លូវការ ដើម្បីចូលជាសមាជិក NATO កាលពីខែឧសភា ឆ្នាំ២០២២នេះ ឆ្លើយតបចំពោះសង្រ្គាមឈ្លានពាន របស់រុស្ស៉ីលើអ៊ុយក្រែន ប៉ុន្តែបានជួបឧបសគ្គរារាំងពីតួកគី ដែលបានចោទប្រទេសទាំងពីរថា ផ្តល់កន្លែងជ្រកកោនដល់ ក្រុមដែលខ្លួនចាត់ទុកជាពួកភេរវករ។

មកទល់ពេលនេះ តួកគីហើយនិងហុងគ្រី ដែលជាសមាជិក NATO ពីរចុងក្រោយគេ ដែលមិនទាន់ផ្តល់សច្ចាប័នលើការទទួលយក​ហ្វាំងឡង់និងស៊ុយអែត ឱ្យចូលរួមក្នុងបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ ខណៈសមាជិកចំនួន២៨ផ្សេងទៀត បានផ្តល់សច្ចាប័នរួចរាល់អស់ហើយ៕