(ប៉េកាំង)៖ ថ្ងៃទី២៧ ខែតុលា ពិធីសម្ពោធនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន បានបើកធ្វើនៅក្រុងភ្នំពេញ រាជធានីកម្ពុជា ផ្លែមៀនបានក្លាយជាផ្លែឈើស្រស់របស់កម្ពុជាប្រភេទទីបី ដែលអាចនាំចេញទៅកាន់ប្រទេសចិនដោយផ្ទាល់ បន្ទាប់ពីចេកនិងស្វាយ នេះគឺជាលទ្ធផលជាផ្លែផ្កាមួយទៀត នៃកិច្ចសហប្រតិបតិ្តការលើវិស័យកសិកម្មរវាងចិននិងកម្ពុជា ដែលនឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែង ដល់ប្រជាជននៃប្រទេសទាំងពីរ។

ភាពបើកទូលាយ ជានិមិត្តសញ្ញាយ៉ាងច្បាស់លាស់របស់ប្រទេសចិន នាពេលបច្ចុប្បន្ន។ ភាពបើកទូលាយ ជាផ្លូវតែមួយគត់ឆ្ពោះទៅកាន់វិបុលភាព និងការអភិវឌ្ឍរបស់ប្រជាជាតិ។ របាយការណ៍ការងាររបស់សមាជបក្សកុម្មុយនីស្តចិន លើកទី២០ដែលទើបបិទបញ្ចប់បានលើកឡើងថា ចាំបាច់ត្រូវអនុវត្តគំនិតអភិវឌ្ឍន៍បែបថ្មី ដោយគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវ ប្រកាន់ខ្ជាប់ការបើកទូលាយ ប្រកបដោយកម្រិតខ្ពស់ចំពោះបរទេស ពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ដែលចាត់ទុកការវិលជុំក្នុងស្រុកជាតួអង្គសំខាន់ និងការវិលជុំទាំងជាតិនិងអន្តរជាតិជំរុញគ្នា ទៅវិញទៅមក។ ប្រទេសចិនបានបង្ហាញទៅកាន់ពិភពលោក នូវជំនឿចិត្តនិងការប្តេជ្ញាចិត្តក្នុងការជំរុញការបើកទូលាយ ប្រកបដោយកម្រិតខ្ពស់ចំពោះបរទេសយ៉ាងមុតមាំមិនងាករេ ក្នុងពេលជាមួយគ្នានេះក៏បានផ្តល់ឱកាស អភិវឌ្ឍន៍ក្នុងទីផ្សារចិនដ៏ទូលំទូលាយដល់ បណ្តាប្រទេសនានា។

ក្នុងរយៈពេលយូរ ចិននិងអាស៊ានបានប្រកាន់ខ្ជាប់ ការជំរុញការផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ តាមរយៈកិច្ចសហប្រតិបតិ្តការប្រកបដោយភាពបើកទូលាយ ដែលបានជំរុញឱ្យទំនាក់ទំនងទ្វេភាគីក្លាយជាគំរូដ៏ជោគជ័យបំផុត និងមានកម្លាំងរស់រវើកបំផុតក្នុងកិច្ចសហប្រតិបតិ្តការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ឆ្នាំ២០២២ ជាឆ្នាំទីមួយនៃការបង្កើតទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអាស៊ាន ហើយក៏ជាឆ្នាំទីមួយនៃការចូលជាធរមានជាផ្លូវការនៃកិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (ហៅកាត់ RCEP) ដែរ។ ពាណិជ្ជកម្មទ្វេភាគីរវាងចិននិងអាស៊ាន បានបន្តនិន្នាការកើនឡើងដ៏ល្អប្រសើរ ហើយបានបង្ហាញពីភាពធន់ដ៏ខ្លាំង និងសក្តានុពលដ៏ធំធេង។

ពីខែមករាដល់ខែកញ្ញាឆ្នាំនេះ ទំហំពាណិជ្ជកម្មនាំចេញនាំចូលរវាងចិននិងអាស៊ាន មានចំនួន៤,៧ទ្រីលានប្រាក់យាន់ចិន កើនជាង១៥,៥ភាគរយ បើប្រធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន សមាមាត្រក្នុងទំហំពាណិជ្ជកម្មសរុបជាមួយ បរទេសរបស់ប្រទេសចិនត្រូវបានលើកកម្ពស់ដល់ ១៥,២ភាគរយ។ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំជាងគេ របស់អាស៊ានក្នុងរយៈពេល១៣ឆ្នាំជាប់ៗគ្នា ក្នុងនាមជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ចិន ឋានៈរបស់អាស៊ានក៏ត្រូវបានពង្រឹង ថែមមួយកម្រិតទៀត។ ការប្រាស្រ័យទាក់ទងរវាងចិននិងអាស៊ានមានភាពកាន់តែជិតស្និទ្ធ កិច្ចសហប្រតិបតិ្តការផ្នែកខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ក៏មានភាពកាន់តែស៊ីជម្រៅ ដែលបានផ្តល់កម្លាំងចលករដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសកល។

បច្ចុប្បន្ននេះ ចិននិងអាស៊ានមានទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មយ៉ាងជិតសិ្នទ្ធ ដែលជាដៃគូពាណិជ្ជកម្មធំជាងគេរវាងគ្នានិងគ្នា ហើយបានផ្តល់ការទ្រទ្រង់ដល់គ្នាទៅវិញទៅមក ក្នុងការរួមគ្នាទប់ទល់នឹងស្ថានភាពដែលកត្តាអវិជ្ជមាន នៃសេដ្ឋកិច្ចសកលកាន់តែច្រើនឡើងៗ។ ប្រឈមមុខនឹងភាពបម្រែបម្រួលដ៏ខ្លាំង ដែលមិនធ្លាប់មានក្នុងរយៈពេល១រយឆ្នាំ ប្រឈមមុខនឹងបរិយាកាសខាងក្រៅ ដែលមានភាពកាន់តែស្មុគស្មាញ ប្រទេសអាស៊ានកាន់តែរំពឹងទុកថា នឹងបន្តបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យពាណិជ្ជកម្ម និងវិនិយោគជាមួយប្រទេសចិនតទៅទៀត ក្នុងន័យគាំពារសុវត្ថភាពនិងស្ថិរភាព នៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ក្នុងតំបន់ ក៏ដូចជាបង្កើតទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីក្នុងតំបន់ដែលអាចផ្តល់ ផលប្រយោជន៍គ្នាទៅវិញទៅមកថែមមួយកម្រិតទៀត។

ប៉ុន្មានថ្ងៃខាងមុខនេះ កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូល ស្តីពីកិច្ចសហប្រតិបតិ្តការអាស៊ីបូព៌ានិងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នឹងបើកធ្វើនៅក្រុងភ្នំពេញ រាជធានីកម្ពុជា។ ពេលថ្មីៗកន្លងទៅនេះ សម្ភារៈជាច្រើន ជាជំនួយឥតសំណងរបស់ប្រទេសចិន បានដឹកមកដល់និងប្រគល់ឱ្យកម្ពុជា ដើម្បីប្រើប្រាស់តាមតម្រូវការជាពិសេសរបស់កម្ពុជា ដែលជាម្ចាស់ផ្ទះផ្លាស់វេនរៀបចំ កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២។ ក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ រដ្ឋសមាជិកនៃអាស៊ាននានានឹងទប់ទល់យ៉ាងសកម្ម ចំពោះបម្រែបម្រួលនៃស្ថានការណ៍សកល ដើម្បីធានាតួនាទីជាស្នូលរបស់អាស៊ានក្នុងតំបន់ ក៏ដូចជាពន្លឿនជំហានស្តារឡើងវិញ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩។

បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិននិងអាស៊ានកំពុងស្ថិត ក្នុងដំណាក់កាលគន្លឹះសម្រាប់លើកកម្ពស់កម្រិតថ្នាក់ ការអភិវឌ្ឍបែបលោតផ្លោះលើវិស័យនយោបាយ សន្តិសុខ កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិជាដើមក្នុងរយៈពេល៣០ឆ្នាំកន្លងទៅ បានចាក់គ្រឹះដ៍រឹងមាំសម្រាប់ឱ្យទំនាក់ទំនង ទ្វេភាគីលើកកម្ពស់កម្រិតថ្នាក់។

នៅពេលអនាគតចិននិងអាស៊ាននឹងពឹងផ្អែកលើឧត្តមភាពរៀងៗខ្លួន បន្តធ្វើកិច្ចសហប្រតិបតិ្តការកាន់តែស៊ីជម្រៅ លើវិស័យវិនិយោគទៅវិញទៅមក ហេដ្ឋារចនាសម័្ពន្ធ និងផលិតភាពអន្តរជាតិជាដើមតទៅទៀត។ ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី រវាងចិននិងអាស៊ានប្រកបដោយភាពរស់រវើក នឹងជំរុញដោយមានប្រសិទ្ធភាព នូវដំណើរសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ព្រមនិងរួមចំណែកដល់ការស្តារឡើងវិញ នៃសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោកផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន