(ប៉េកាំង)៖ ថ្ងៃទី៣១ ខែតុលា តាមម៉ោងក្រុងប៉េកាំង ភារកិច្ចបាញ់បង្ហោះបន្ទប់ពិសោធន៍ Mengtian ដែលជាបន្ទប់ធំទីបីរបស់ ស្ថានីយអវកាសប្រទេសចិន ទទួលបានជោគជ័យដោយគាប់ប្រសើរ។ នេះគឺមានន័យថា ស្ថានីយអវកាសចិននឹងប្រែពី បន្ទប់ពីរទៅជាបន្ទប់បី ហើយនឹងសម្រេចបាននូវភារកិច្ចសាងសង់ រចនាសម័្ពន្ធរូបរាងដូចអក្សរ «T» ដូច្នេះដំណាក់កាលសាងសង់ តាមគន្លងតារាវិធីជិតនឹងបញ្ចប់។

ពីប្រទេសចិនបានអនុវត្តជាផ្លូវការ នូវគម្រោងអវកាសផ្ទុកមនុស្សកាលពីឆ្នាំ១៩៩២ រហូតដល់សម្រេចបាននូវភារកិច្ចសាងសង់ ស្ថានីយអវកាសតាមគន្លងតារាវិថីនៅឆ្នាំ២០២២ ប្រជាជនចិនបានចំណាយរយៈពេល ៣០ឆ្នាំមិនធម្មតា។ ពីការហោះហើរគ្មានមនុស្សបើក ដល់ការហោះហើរផ្ទុកមនុស្ស ពីការផ្ទុកអវកាសយានិកមួយរូបដល់ច្រើនរូប ពីការបោះប្រចាំការរយៈពេលខ្លីដល់រយៈពេលមធ្យមនិងយូរ ពីការធ្វើពិសោធន៍ក្នុងបន្ទប់ដល់ អាចដើរនៅលំហអវកាស។ល។ ក្នុងរយៈពេល៣០ឆ្នាំកន្លងមក អ្នកបម្រើការងារផ្នែកអវកាសរបស់ចិន សម្រេចបាននូវកំណត់ត្រាថ្មីនៃបច្ចេកទេសគន្លឹះជាច្រើន ដូចជាការធ្វើដំណើរទៅមករវាងភពផែនដីនិងអវកាស ដើរចេញពីបន្ទប់អវកាស និងតភ្ជាប់បន្ទប់ជាដើម ដែលបាន ចាក់គ្រឹះដ៏រឹងមាំសម្រាប់កិច្ចកសាងស្ថានីយអវកាស។

ការបំបែកកំណត់ត្រាលើវិស័យអវកាស ជាគំរូនៃការអភិវឌ្ឍវិទ្យាសាស្រ្ត និងបច្ចេកទេសរបស់ប្រទេសចិន។ របាយការណ៍ការងារ នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានលើកឡើងថា បច្ចេកទេសគន្លឹះមួយចំនួន សម្រេចបាននូវកំណត់ត្រាថ្មី ឧស្សាកម្មងើបឡើងថ្មីជាយុទ្ធសាស្ត្រ ទទួលបានការរីកចម្រើន និងមានភាពខ្លាំងក្លាឡើង វិស្វកម្មអវកាសផ្ទុកមនុស្ស វិស្វកម្មស្ទង់រុករកភពព្រះចន្ទនិងភពព្រះអង្គារ ការស្ទង់រុករកនៅទឹកជ្រៅនិងដីជ្រៅ កុំព្យូទ័រកំពូលផុតលេខ ផ្កាយរណបនាំផ្លូវ ការផលិតយន្តហោះខ្នាតធំ និងឱសថជីវសាស្ត្រជាដើម ទទួលបានសមិទ្ធផលដ៏ធំនិងសំខាន់ ប្រទេសចិនបានឈានចូល ក្នុងជួរប្រទេសបែបច្នៃប្រឌិតថ្មី។

អ្វីដែលកាន់តែគួរឱ្យកោតសរសើរ គឺជានិច្ចកាល បុព្វហេតុអវកាសផ្ទុកមនុស្សរបស់ចិនតែងតែប្រកាន់ខ្ជាប់ នូវគោលការណ៍ស្តីពីការប្រើប្រាស់ដោយសន្តិភាព សមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងអភិវឌ្ឍន៍ជាមួយគ្នា ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបតិ្តការជាមួយប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី រុស្ស៊ី ប៉ាគីស្ថាន ក៏ដូចជាស្ថាប័ននិងអង្គការអវកាសជាច្រើន ដូចជានាយកដ្ឋានអវកាសរបស់ អង្គការសហប្រជាជាតិ និងរដ្ឋបាលអវកាសរបស់អឺរ៉ុប ជាដើម ដែលបានអនុវត្តគម្រោងសហប្រតិបតិ្តការច្រើនបែបយ៉ាង ហើយទទួលបានសមិទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់។

ស្ថានីយអវកាសចិនជាគម្រោងប្រភេទនេះទីមួយ ក្នុងប្រវតិ្តសាស្ត្រដែលបានបើកចំហចំពោះ រដ្ឋសមាជិកអង្គការសហប្រជាជាតិទាំងអស់។ បច្ចុប្បន្ននេះ មានគម្រោងចំនួន៩ របស់ប្រទេសចំនួន១៧និងអង្គភាពចំនួន២៣ ត្រូវជ្រើសរើសក្លាយជាគម្រោងពិសោធន៍របស់ ស្ថានីយអវកាសចិនជាលើកដំបូង។ នេះជាសាក្សីនៃកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត របស់ចិនក្នុងការជំរុញការបង្កើតសហគមន៍រួម វាសនារបស់មនុស្សជាតិលើវិស័យអវកាស។

យោងតាមការសម្រេចបាននូវកិច្ចសាងសង់តាមគន្លងតារាវិថី ស្ថានីយអវកាសចិននឹងឈានចូលដំណាក់កាល ប្រើប្រាស់និងអភិវឌ្ឍដែលមានរយៈពេលលើសពី ១០ឆ្នាំ។ ជឿជាក់ថា នៅរយៈពេលដ៏ខ្លីខាងមុខនេះ ស្ថានីយអវកាសចិននឹងក្លាយជា «ផ្ទះថ្មី» របស់មនុស្សជាតិទាំងមូល ក្នុងការរួមគ្នាស្ទង់រុករកលំហអវកាស។ អវកាសយានិកចិននិងបរទេស នឹងបំពេញការងារជាមួយគ្នា ក្នុងន័យរួមចំណែកប្រកដោយ លក្ខណៈត្រួសត្រាយ ដើម្បីជំរុញឱ្យមនុស្សជាតិស្វែងយល់ពី អាថ៌កំបាំងរបស់ចក្រវាល និងជំរុញការប្រើប្រាស់អវកាសដោយសន្តិភាព៕

វិទ្យុមិត្តភាពកម្ពុជាចិន