(ប៉េកាំង)៖ កាលពីថ្ងៃទី៣១ ខែតុលា លោក Xi Jinping អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។

ភាគីទាំងពីរបានឯកភាពគ្នាថា ត្រូវប្រកាន់ខ្ជាប់នូវគោលការណែនាំស្តីពី «ស្ថិរភាពយូរអង្វែង ឆ្ពោះទៅអនាគត សុខដុមរមនា កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ» និងស្មារតីធ្វើជាអ្នកជិតខាងល្អ មិត្តល្អ សមមិត្តល្អ និងដៃគូល្អ ដើម្បីពង្រឹងចំណងមិត្តភាពប្រពៃណី បង្កើនការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ បង្កើនទំនុកចិត្តផ្នែកនយោបាយ និងគ្រប់គ្រងការខ្វែងគំនិតឱ្យបានសមរម្យ ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងវៀតណាម ក្នុងយុគសម័យថ្មីឱ្យឈានដល់កម្រិតថ្មី។

លោក Xi Jinping បានបញ្ជាក់ថា ប្រទេសចិនបានតម្កល់អាស៊ានជាអាទិភាព ក្នុងទំនាក់ទំនងការទូតជាមួយប្រទេសជិតខាងរបស់ចិន និងជាតំបន់សំខាន់ក្នុងការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ប្រកបដោយគុណភាពខ្ពស់។ ភាគីចិនយកចិត្តទុកដាក់ខ្ពស់ចំពោះឋានៈ និងតួនាទីរបស់វៀតណាមក្នុងអាស៊ាន ហើយរំពឹងទុកពីការរួមសហការជាមួយវៀតណាម ដើម្បីពន្លឿនការកសាង «វិស័យធំទាំង៥» គឺសន្តិភាព ភាពស្ងប់សុខ វិបុលភាព ស្រស់ស្អាត និងមិត្តភាព ព្រមទាំងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់នៅអាស៊ីបូព៌ាផងដែរ។

ជាការឆ្លើយតប លោក Nguyen Phu Trong បានលើកឡើងថា សមាជបក្សកុម្មុយនីស្តវៀតណាមលើកទី ១៣ និងសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ជាសញ្ញាបញ្ជាក់ថា ទំនាក់ទំនងវៀតណាម-ចិនបានឈានចូលដំណាក់កាលថ្មីដ៏សំខាន់។ ភាគីវៀតណាមរីករាយរួមសហការជាមួយភាគីចិន ដើម្បីជំរុញចំណងមេត្រីភាពនិងសុខដុមនីយកម្ម និងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិនឱ្យឡើងដល់កម្រិតថ្មី៕