(មូស្គូ)៖ មហាសេដ្ឋីជនជាតិរុស្ស៉ី លោក អូឡេក ទីនកូវ (Oleg Tinkov) បាននិយាយថា លោកបានសម្រេចចិត្តបោះបង់សញ្ជាតិរបស់ខ្លួន ដោយសារតែសង្គ្រាមនៅអ៊ុយក្រែនជាបញ្ហាដែលលោកធ្លាប់ រិះគន់ថា ជា «ជារឿងដ៏ឆោតល្ងង់មួយ»។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ទីនកូវ បានសរសេរនៅលើគណនី Instagram របស់លោកកាលពីថ្ងៃចន្ទសប្តាហ៍នេះថា «ខ្ញុំបានសម្រេចចិត្តចាកចេញពីសញ្ជាតិរុស្ស៊ីរបស់ខ្ញុំ។ ខ្ញុំមិនអាចនិងមិនចង់ផ្សារភ្ជាប់ខ្លួនឯង ជាមួយនិងប្រទេសហ្វាស៊ីស ដែលបានចាប់ផ្តើមធ្វើសង្រ្គាមជាមួយអ្នកជិតខាងរបស់ពួកគេ និងបានសម្លាប់មនុស្សស្លូតត្រង់ជារៀងរាល់ថ្ងៃឡើយ»

មហាសេដ្ឋីវ័យ៥៤ឆ្នាំ ដែលកំពុងរស់ក្រៅប្រទេសរុស្ស៊ីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានបន្ថែមថា «ខ្ញុំសង្ឃឹមថាពាណិជ្ជកររុស្ស៊ីលេចធ្លោបន្ថែមទៀត នឹងធ្វើតាមខ្ញុំ ដូច្នេះវាធ្វើឲ្យរបបរបស់ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចុះខ្សោយនិងធ្លាក់ចុះខាងផ្នែកសេដ្ឋកិច្ច»

គួរបញ្ជាក់ថា លោក ទីនកូវ គឺជាស្ថាបនិកនៃធនាគារ ទីនអហ្វ (Tinkoff) តាមអ៉ីនធឺណេត ដែលជាអ្នកផ្តល់ប្រាក់កម្ចីដ៏ធំបំផុតមួយរបស់រុស្ស៊ី ហើយមានអតិថិជនចំនួន ២០លាននាក់។ កាលពីខែមេសា លោក ទីនកូវ ក៏ធ្លាប់បានអំពាវនាវដល់មេដឹកនាំលោកខាងលិច ឲ្យជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនផងដែរ៕