(ឡុងដ៍)៖ កាលពីពេលថ្មីៗនេះ សារព័ត៌មាន Defense Journal របស់ចក្រភពអង់គ្លេស បានរាយការណ៍ថា ក្រុមនាវាយោធារបស់​សហរដ្ឋអាមេរិក ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំងថ្មីបំផុតគឺ USS Gerald Ford ត្រូវបានរំពឹងថានឹងទៅចូលចតនៅក្បែរ ទីក្រុងផតម៉ោស (Portsmouth) ភាគខាងត្បូងអង់គ្លេស នៅកំលុងពាក់កណ្តាលខែវិច្ឆិកានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន RT នៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

សារព័ត៌មាន Defense Journal បានលើកឡើងថា កាលបរិច្ឆេទជាក់លាក់នៃការទៅដល់ របស់ក្រុមនាវាយោធាអាមេរិកខាងលើ ដែលសរុបទាំងអស់ចំនួន៨គ្រឿង គឺមិនត្រូវបានប្រកាសជាសាធារណៈនោះទេ ដោយសារស្ថានការណ៍សន្តិសុខពេលបច្ចុប្បន្ន។ យោងតាមប្រភពដដែល នាវាយោធាអាមេរិកមួយចំនួន នឹងចូលចតនៅកំពង់ផែទ័ពជើងទឹកអង់គ្លេស នៅទីក្រុង Portsmouth ផ្ទាល់ ខណៈនាវាផ្ទុកយន្តហោះចម្បាំង Gerald Ford នឹងត្រូវចតនៅក្បែរនោះ ដោយសារតែទំហំដ៏ធំរបស់វា។

បើតាមសេចក្តីរាយការណ៍កន្លងមក នាវាយោធាដែលមានបណ្តោយប្រវែង៣៣៣ម៉ែត្រនេះ ផ្ទុកយន្តហោះនិងឧទ្ធម្ភាគចក្រសរុបខ្ទង់ ៩០គ្រឿង រួមទាំងយន្តហោះចម្បាំងបំបាំងកាយ F-35C។ វាត្រូវបានយោធាជើងទឹកអាមេរិក ដាក់ឱ្យដំណើរការជាលើកដំបូង កាលពីឆ្នាំ២០១៧ ហើយទើបចាប់ផ្តើមចល័តធ្វើប្រតិបត្តិការនៅក្រៅប្រទេស កាលពីដើមខែតុលាកន្លងទៅនេះ។ នាវា Gerald Ford ជានាវាដំបូងគេ នៃត្រកូលនាវាផ្ទុកយន្តហោះចម្បាំងអាមេរិកជំនាន់ថ្មីបំផុត ហៅថា Ford-class ព្រមទាំងជានាវាផ្ទុកយន្តហោះចម្បាំងធំជាងគេបង្អស់លើលោក។

គួរបញ្ជាក់ថា ប្រសិនបើវាទៅដល់ចក្រភពអង់គ្លេសពិតមែននោះ Gerald Ford នឹងក្លាយជានាវាផ្ទុកយន្តហោះចម្បាំងគ្រឿងទី២ របស់សហរដ្ឋអាមេរិក ដែលធ្វើប្រតិបត្តិការនៅក្នុងដែនទឹកនៃតំបន់អឺរ៉ុប។ បច្ចុប្បន្ន នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក George Bush រួមជាមួយ ក្រុមនាវាយោធាអមដំណើរដទៃទៀតរបស់ខ្លួន កំពុងស្ថិតនៅក្នុងសមុទ្រអាឌ្រីយ៉ាទិច (Adriatic Sea) បន្ទាប់ពី​ចូលរួមសមយុទ្ធយោធារបស់អង្គការ NATO នៅសមុទ្រមេឌីទែរ៉ាណេ កាលពីចន្លោះថ្ងៃទី១៤-២៨ ខែតុលា៕