(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) នៅថ្ងៃអង្គារនេះបានធ្វើការត្រួតពិនិត្យ ពីលើអាកាសនៃខេត្តភាគខាងត្បូង ដែលរងគ្រោះដោយការរអិលបាក់ដី ដែលបង្កឡើងដោយព្យុះត្រូពិចណាល់ហ្គេ (Nalgae) សម្លាប់មនុស្សចំនួន១១០នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ហ្វីលីពីន បានឲ្យដឹងថា មនុស្សជាង១០០នាក់បានរងរបួស និង ៣៣នាក់ទៀតកំពុងបាត់ខ្លួន ដោយសារទឹកជំនន់និងការរអិលបាក់ដី។ នៅថ្ងៃអង្គារនេះ លោក ម៉ាកូស បានចេញបញ្ជាដល់មន្ត្រីរបស់លោក ធ្វើការចែកចាយកញ្ចប់ជំនួយឲ្យបានលឿនជាងមុន និងអំពាវនាវឲ្យមានការត្រៀមលក្ខណៈកាន់តែប្រសើរឡើង មុនពេលព្យុះត្រូពិចចំនួន៤បន្ថែមទៀត ដែលទីភ្នាក់ងារអាកាសធាតុបានព្យាករថា នឹងបោកបក់មកលើប្រទេសហ្វីលីពីននៅមុនដំណាច់ឆ្នាំនេះ។

ក្នុងពេលចុះសួរសុខទុក្ខពលរដ្ឋនៅមជ្ឈមណ្ឌលជម្លៀស នៃខេត្តម៉ាហ្គីនដាណាវ (Maguindanao) លោក ម៉ាកូស បានគូសបញ្ជាក់ថា «នៅពេលយើងធ្វើការត្រួតពិនិត្យពីលើអាកាស ខ្ញុំបានកត់សម្គាល់ឃើញថា ការរអិលបាក់ដីបានកើតឡើងនៅលើភ្នំដែលគេបោះបង់ចោល ហើយនោះជាបញ្ហា»

គួរបញ្ជាក់ថា ព្យុះត្រូពិក Nalgae បានធ្វើដំណើរទៅកាន់ភាគខាងត្បូងប្រទេសចិន បន្ទាប់ពីបានបំផ្លាញផលិតផលកសិកម្ម គិតជាទឹកប្រាក់ស្មើនឹង ២២លានដុល្លារ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមានតម្លៃស្មើនឹង ១៣លានដុល្លារ របស់ហ្វីលីពីន។ វាជាព្យុះដ៏អាក្រក់បំផុតលើកទី២ ដែលបានវាយប្រហារមកលើប្រទេសហ្វីលីពីន ក្នុងឆ្នាំនេះបន្ទាប់ពីព្យុះត្រូពិចម៉េហ្គី (Megi) ដែលបានសម្លាប់មនុស្ស២១៤នាក់ កាលពីខែមេសា៕