(មូស្គូ)៖ កងកុម្មង់ដូអាហ្វហ្កានីស្ថានដែលធ្លាប់ប្រយុទ្ធរួមគ្នា ជាមួយទាហានអាមេរិក ហើយបន្ទាប់មកបានភៀសខ្លួន ទៅកាន់ប្រទេសអ៉ីរ៉ង់ ក្រោយការដកកងទ័ពរបស់សហរដ្ឋអាមេរិកចេញពីអាហ្វហ្កានីស្ថាន កាលពីឆ្នាំមុននោះ ឥលូវនេះត្រូវបានរុស្ស៉ីជ្រើសរើសឲ្យទៅប្រយុទ្ធនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

អតីតឧត្តមសេនីយ៍អាហ្វហ្កានីស្ថានចំនួន ៣រូប បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ឲ្យដឹងថា រុស្ស៉ី ចង់ទាក់ទាញអតីតកងកុម្មង់ដូអាហ្វហ្កានីស្ថានរាប់ពាន់នាក់ ឲ្យចូលរួមក្នុងក្រុម «កងកម្លាំងបរទេស» របស់ខ្លួន សម្រាប់បញ្ជូនទៅធ្វើ​សង្រ្គាមនៅអ៊ុយក្រែន ដោយផ្តល់ប្រាក់បៀវត្សរ៍ក្នុង១ខែ ចំនួន ១,៥០០ដុល្លារ ហើយសន្យាថានឹងផ្តល់កន្លែងជ្រកកោនសុវត្ថិភាព សម្រាប់ពួកគេនិងក្រុមគ្រួសារថែមទៀត ដើម្បីឱ្យពួកគេអាចចៀសវាង ពីការបណ្តេញត្រឡប់ទៅកាន់អាហ្វហ្កានីស្ថានវិញ ជាកន្លែងដែលមនុស្សជាច្រើនសន្មត់ថា ពួកគេអាចនឹងស្លាប់ក្រោមស្នាដៃរបស់ពួកតាលីបង់។

ការជ្រើសរើសកងកុម្មង់ដូអាហ្វហ្កានីស្ថាននេះ គឺដឹកនាំដោយកម្លាំងទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group និងបានធ្វើឡើងបន្ទាប់ពីមានការព្រមានជាច្រើនខែ ពីសំណាក់ទាហានអាមេរិក ដែលធ្លាប់បានប្រកៀកស្មាគ្នាប្រយុទ្ធជាមួយ កងកម្លាំងពិសេសអាហ្វហ្កានីស្ថានថា ពួកតាលីបង់មានចេតនាសម្លាប់ពួកគេ ក្រោមលេសថាពួកគេចូលរួមជាមួយសត្រូវ។

គួរបញ្ជាក់ថា កងកម្លាំងពិសេសអាហ្វហ្កានីស្ថានប្រមាណពី២០,០០០នាក់ ទៅ៣០,០០០នាក់ បានប្រយុទ្ធរួមគ្នាជាមួយ កងកម្លាំងអាមេរិក ក្នុងអំឡុងសង្គ្រាមរយៈពេល២ទសវត្សរ៍ ហើយមានតែមន្ត្រីជាន់ខ្ពស់ប្រមាណ ២០០ទៅ៣០០នាក់ប៉ុណ្ណោះ ដែលបានចាកចេញពីប្រទេស នៅពេលដែលយោធាអាមេរិក ដកខ្លួនចេញពីអាហ្វហ្កានីស្ថាន៕