(សេអ៊ូល)៖ រដ្ឋមន្រ្តីមហាផ្ទៃនិងសុវត្ថិភាពនៃប្រទេសកូរ៉េខាងត្បូង លោក លី សាងមីន (Lee Sang-min) នាថ្ងៃអង្គារនេះ បានចេញមុខសុំទោស ជុំវិញហេតុការណ៍សោកនាដកម្មជាន់គ្នាស្លាប់ កំលុងបុណ្យ Halloween កាលពីយប់ថ្ងៃសៅរ៍​សប្តាហ៍កន្លងទៅ ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងហោច ១៥៦នាក់។ នេះបើតាមកចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

ការសុំអភ័យទោសខាងលើកើតមានឡើង ចំពោះមុខការរិះគន់កាន់តែខ្លាំងថា ប៉ូលិសក៏ដូចជាទីភ្នាក់ងាររដ្ឋាភិបាលដទៃទៀត បរាជ័យក្នុងការគ្រប់គ្រងហ្វូងមនុស្ស កំលុងបុណ្យ Halloween នៅឯសង្កាត់អ៉ីតែវ៉ុន (Itaewon) ដែលជាតំបន់ពេញនិយមបំផុត ប្រចាំរដ្ឋធានីសេអ៊ូល សម្រាប់ការដើរលេងកម្សាន្តពេលរាត្រី ដ្បិតវាគឺជាបុណ្យ Halloween លើកដំបូងបំផុត ចាប់តាំងពីមានការ​រាតត្បាតនៃជំងឺកូវីដ១៩។ ក្នុងយប់កើតហេតុ មនុស្សរហូតដល់ខ្ទង់១០០,០០០នាក់ ត្រូវគេរាយការណ៍ថា បានទៅប្រមូលផ្តុំនៅ​តំបន់អ៉ីតែវ៉ុន។

គួរបញ្ជាក់ថា លោក លី សាងមីន បានឱនមុខសុំអភ័យទោសក្នុងសវនាការមួយ ដែលធ្វើឡើងនៅសភា ដោយនិយាយដូច្នេះថា «ខ្ញុំសុំទោសជាខ្លាំងចំពោះសាធារណជន ដែលឧបទ្ទវហេតុនាពេលថ្មីៗនេះអាចកើតឡើងទៅបាន បើទោះបីរដ្ឋាភិបាលមានបន្ទុក ទទួលខុសត្រូវយ៉ាងធំធេង សម្រាប់សុខសុវត្ថិភាពរបស់ប្រជាជន»។ ជនរងគ្រោះភាគច្រើន ដែលបានបាត់បង់ជីវិត គឺជាយុវវ័យ និងអ្នកដែលមានអាយុក្រោម៣០ឆ្នាំ។ ក្រុមស៉ើបអង្កេតឯករាជ្យមួយ ក៏ត្រូវបានបង្កើតឡើងសម្រាប់ ហេតុការណ៍សោកនាដកម្ម​នេះផងដែរ៕