(វ៉ាស៉ីនតោន)៖ ជនសង្ស័យដែលរងការចោទថាបានវាយប្រហារមកលើ លោក ផូល ផេឡូស៉ី (Paul Pelosi) ដែលជាស្វាមីរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) គឺមានបំណងគំរាមដើម្បីចាប់លោកស្រី ផេឡូស៉ី ធ្វើជាចំណាប់ខ្មាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

ពាក្យបណ្តឹងព្រហ្មទណ្ឌដែលត្រូវបានដាក់ទៅកាន់តុលាការសហព័ន្ធ បានឲ្យដឹងថា លោក ផូល ផេឡូស៉ី ដែលសន្លប់ក្រោយការវាយប្រហារនោះ បានប្រាប់ប៉ូលិសថា ជនសង្ស័យម្នាក់ដែលប្រដាប់ដោយញញួរ បានចូលទៅក្នុងបន្ទប់គេងរបស់លោក ហើយទាមទារនិយាយជាមួយភរិយារបស់លោក។

កំណត់ហេតុរបស់ប៉ូលិស FBI បានឲ្យដឹងថា ជនសង្ស័យបានសារភាពថា រូបគេមានផែនការចាប់លោកស្រី ផេឡូស៉ី ធ្វើជាចំណាប់ខ្មាំងដើម្បីសាកសួរ ហើយប្រសិនបើលោកស្រីប្រាប់ «ការពិត» នោះរូបគេនឹងដោះលែងលោកស្រី ប៉ុន្តែប្រសិនបើលោកស្រី «កុហក» គេនឹងវាយបំបាក់ជង្គង់របស់លោកស្រី។ យ៉ាងនេះក្តីមិនមាននរណាម្នាក់ដឹងថាតើ ជនសង្ស័យមានបំណងសួរអ្វីទៅកាន់ លោកស្រី ផេឡូស៉ី ឡើយ។

គួរបញ្ជាក់ថា ចេតនាចោទរបស់ជនសង្ស័យ ឈ្មោះ ដេវីដ វ៉េណេ ដេផាភី (David Wayne DePape) បានលេចចេញនៅពេលដែលរដ្ឋអាជ្ញាសហព័ន្ធ បានចោទប្រកាន់ជនសង្ស័យអាយុ៤២ ឆ្នាំរូបនេះ ពីបទរំលោភបំពាននិងប៉ុនប៉ងចាប់ពង្រត់ នៅក្នុងសកម្មភាពឆ្មក់ចូលផ្ទះរបស់លោកស្រី ផេឡូស៉ី នៅឯទីក្រុង សាន់ ហ្វ្រាន់ស៉ីស្កូ (San Francisco) កាលពីថ្ងៃសុក្រសប្តាហ៍មុន៕