(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក នេត ប្រាយស៍ (Ned Price) បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ការបោះឆ្នោតនៅក្នុងប្រទេសប្រេស៊ីលដែលបានធ្វើឲ្យ លោក ល្វីស អ៉ីណាត្យូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) ក្លាយជាប្រធានាធិបតីថ្មីសម្រាប់អាណត្តិទី៣ នោះ គឺបានពង្រឹងទំនុកចិត្តលើស្ថាប័នប្រជាធិបតេយ្យ របស់ប្រទេសនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ប្រាយស៍ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការបោះឆ្នោតបានពង្រឹងទំនុកចិត្តមកលើភាពរឹងមាំនៃស្ថាប័នប្រជាធិបតេយ្យរបស់ប្រទេសប្រេស៊ីល ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញស្តីពីការបោះឆ្នោតដោយសេរី យុត្តិធម៌ និងប្រកបដោយដោយតម្លាភាព»

លោក ប្រាយស៍ បានបន្ថែមថា «ចំណុចសំខាន់នៃលទ្ធិប្រជាធិបតេយ្យគឺការទទួលយកឆន្ទៈរបស់ប្រជាជន ដូចដែលបានបង្ហាញតាមរយៈការបោះឆ្នោតអមដោយការផ្ទេរអំណាចដោយសន្តិវិធី នោះហើយជាអ្វីដែលពិភពលោករំពឹងទុកនិងជាអ្វីដែលយើងរំពឹងថានឹងលេចឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ»

គួរបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីប្រេស៉ីល កាលពីថ្ងៃអាទិត្យ បានទទួលការស្វាគមន៍ពីអ្នកនយោបាយរបស់ប្រេស៊ីល ក៏ដូចជាអន្តរជាតិ ខណៈប្រធានាធិបតីដែលកំពុងកាន់អំណាច លោក ហ្ស៊ែរ ប៊ុលសូណារ៉ូ (Jair Bolsonaro) មិនបានធ្វើអត្ថាធិប្បាយចំពោះលទ្ធផលនេះឡើយ៕